បញ្ជូនខ្លួនឧកញ៉ា ហ៊ី គឹមហុង ថៅកែពិភពដីមាស និងអង្គរក្សចំនួន ១៣នាក់ ទៅតុលាការ នៅរសៀលនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែសីហា នេះ សមត្ថកិច្ចបាននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស និងអង្គរក្ស ចំនួន ១៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់អង្គភាពសារព័ត៌មាន Khmer CM នៅមុននេះថា៖ ” នៅរសៀលម៉ោង ២នេះ សមត្ថកិច្ចនៃនងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំកសាងសំណុំរឿងបញ្ជូនម្ចាស់ដីឡូត៌ពិភពដីមាស និងអង្គរក្សចំនួន ១៣នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់”។

លោកបន្តថា ការបញ្ជូនខ្លួន ឧកញ៉ា ហ៊ី គឹមហុង និងបក្ខពួកនេះ ទាក់ទងទៅនឹងបទល្មើសមួយចំនួនដូចជាអំពើឆបោកមានស្ថានទម្ងន់ទោស ការញុះញង់ឲ្យប្រព្រឹត្តអំពើប្រឆាំងអ្នករាជការសាធារណៈ និងការសម្អាតប្រាក់។ល។”។

សូមជម្រាបថា ឧកញ៉ា ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុនដីឡូតិ៍ពិភពដីមាស និងក្រុមអង្គរក្ស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ ការនាំខ្លួននេះ គឺតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ៕