លោក កើត ឆែ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ពិតជាស័ក្តិសមបំផុត និងស្របតាមនីតិវិធីច្បាប់ជាធរមាន

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានចាត់ទុក លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលរាជធានីភ្នំពេញ ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នេះ ពិតជាស័ក្តិសមបំផុត និងស្របតាមនីតិវិធីច្បាប់ជាធរមាន ព្រមទាំងឆន្ទៈរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងអត្រា ៨២,៣០ % នៅទូទាំងប្រទេស។

នៅក្នុងសាររបស់លោក កើត ឆែ និងក្រុមគ្រួសារ ជូនពរ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី ៧ ខែសីហានេះ បានសរសេរថា ៖ “ខ្ញុំបាទ និងក្រុមគ្រួសារ ពិតជាមានសេចក្តីសមោនស្សរីករាយយ៉ាងក្រៃលែង និងឥតឧបមា និងសូមសម្តែងនូវសេចក្តីអំណរសាទរ គោរពជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលរាជធានីភ្នំពេញ ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នេះ”។

លោកបន្តថា ៖ “ការទទួលបានការចាត់តាំងនេះ ពិតជាស័ក្តិសមបំផុតចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងស្របតាមនីតិវិធីច្បាប់ជាធរមាន ព្រមទាំងឆន្ទៈរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងអត្រា ៨២,៣០ % នៅទូទាំងប្រទេស ហើយសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ពិតជាមានភ័ព្វសំណាង ដែលមានឥស្សរជននយោបាយវ័យក្មេង ដែលជាថ្នាក់ដឹកនាំបន្តវេន និងជាបញ្ញាវន្តខ្មែរ ដ៏ឆ្នើម ពោរពេញទៅដោយសមត្ថភាព ទេពកោសល្យ បទពិសោធន៍ សីលធម៌ និងគុណធម៌ និងតែងតម្កល់ផលប្រយោជន៍ជាតិជាធំ ដែលតាមរយៈនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីគុណវុឌ្ឍដ៏ល្អប្រសើរ នៃភាពជាអ្នកដឹកនាំជាន់ខ្ពស់ ប្រកបដោយភាពឈ្លាសវៃ និងអាចបន្តដឹកនាំរាជរដ្ឋាភិបាល ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ប្រជាពលរដ្ឋ ការពាររដ្ឋធម្មនុញ្ញ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពនយោបាយ លើកកម្ពស់កិត្យានុភាពជាតិ ក្នុងតំបន់ និងសកលលោក ក្រោមដំបូលនៃសន្តិភាព និងធានានូវការអភិវឌ្ឍលើគ្រប់វិស័យ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណឆ្នាំ២០២៣-២០២៨ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើន សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០””៕