ពីខេត្តតាកែវ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជaការកងទ័ពជើងគោក បានលើកឡើងថា អ្នកនយោបាយមួយចំនួន នៅតែបន្តចង់មកបំផ្លាញសន្តិភាព និងចិញ្ចឹមចិត្តចង់ផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់នេះ។ លោក ថាជាពិសេសនៅតែបន្តឱ្យបរទេសដាក់ទណ្ឌកម្មមកលើប្រជាជន និងប្រទេសកម្ពុជាដដែល។ នេះបើយោងតាមការបង្ហោះនៅលើនាយកដ្ឋានព័ត៌មានក្រសួងការពារជាតិកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារទីបញ្ជាការ សមិទ្ធផល នានា និងប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងបំពាក់ឋានន្តរសក្ដិជូននាយទាហានក្នុងតំបន់ប្រតិបត្តិការសឹករងតាកែវ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា “សុខសន្តិភាពនេះ ទម្រាំយើងរកបាននៅក្នុងដៃនេះ មិនងាយស្រួលនោះទេ ហើយតម្លៃសន្តិភាពនេះវាពិតជាមានសារសំខាន់ខ្លាំងណាស់ និងមិនអាចកាត់ថ្លៃបានឡើយនៅក្នុងប្រទេសរបស់យើង”។ តែទោះបីយ៉ាងនេះក្តី លោកថា នៅតែមានអ្នកនយោបាយមួយចំនួនចង់បំផ្លាញសន្តិភាព និងផ្ដួលរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ន។
ត្រង់ចំណុចនេះ លោកបានអំពាវនាវទៅដល់កម្លាំងកងទ័ពទាំងអស់ត្រូវបន្តថែរក្សា និងការពារសុខសន្តិភាពនេះឱ្យបានស្ថិតស្ថេរ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ លោក បញ្ជាក់ថា “ត្រូវតែប្តូរផ្តាច់ការពារឱ្យខាងតែបានដោយមិនឱ្យអ្នកណាម្នាក់ ឬក្រុមអ្នកនយោបាយរត់ចោលស្រុកមួយចំនួនមកបំផ្លាញសន្តិភាពនេះបានឡើយ”។
លោក បានសង្កត់ធ្ងន់ថា “ជាក់ស្តែងសកម្មភាព និងគ្រប់ទង្វើរបស់ក្រុមអ្នកនយោបាយរបស់ក្រុមសម រង្ស៊ី នេះបង្ហាញយ៉ាងច្បាស់ណាស់ថា គេនៅតែចង់ដណ្តើមអំណាចបើទោះបីជាត្រូវលះបង់អ្វីៗក៏ដោយ ដូច្នោះយើងត្រូវតែប្រឆាំង និងរួបរួមគ្នាការពារមិនឱ្យក្រុមណាមួយ ឬអ្នកនយោបាយមួយក្តាប់តូច មកបំផ្លាញសន្តិភាពនេះបានឡើយ ត្រូវតែការពារ”៕