ក្រុមហ៊ុនToyota នឹងបង្កើតគម្រោងវិនិយោគថ្មីមួយទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត

ភ្នំពេញ៖ ក្រុមហ៊ុន Toyota Tsusho Corporation របស់ប្រទេសជប៉ុន នឹងបង្កើតគម្រោងវិនិយោគថ្មីមួយទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែតលើមុខសញ្ញាវិនិយោគ ផលិតប្រព័ន្ធខ្សែភ្លើងសម្រាប់រថយន្ត (Automotive Wire Harness) ដែលគ្រោងចាប់ផ្តើមដំណើរការនៅខែឆ្នូ ឆ្នាំ២០២៣។

ផែនការបង្កើតគម្រោងវិនិយោគនេះ ត្រូវបានបង្ហាញនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ក្នងពេល លោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានទទួលជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុន Toyota Tsusho Corporation ដែលកំពុងមានប្រតិបត្តិការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន។

បើតាមជំនួបពិភាក្សាខាងលើនេះ បង្ហាញថា ថ្មីៗនេះ ក្រុមហ៊ុន Toyota Tsusho Corporation បាននិងកំពុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ដែលក្នុងនោះ នឹងបង្កើតគម្រោងវិនិយោគថ្មីមួយទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត លើមុខសញ្ញាវិនិយោគ ផលិតប្រព័ន្ធខ្សែភ្លើងសម្រាប់រថយន្ត (Automotive Wire Harness) ដែលគ្រោងចាប់ផ្តើមដំណើរការនៅខែឆ្នូ ឆ្នាំ២០២៣ ខាងមុខ និងអាចស្រូបយកកម្លាំងពលកម្មប្រមាណ ៨០០ កន្លែងបន្ថែមទៀត។

បច្ចុប្បន្ន កម្មករនិយោជិតកម្ពុជាមួយចំនួន កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសថៃ និងនៅក្រុមហ៊ុន Yazaki (Cambodia) Products Co.,Ltd នៅខេត្តកោះកុង៕