សម្តេច ហ៊ុន សែន៖ មានសេណារ៉ូចំនួនពីរ ដែលដាក់ចេញសម្រាប់ឱ្យអ្នកបន្តវេនដឹកនាំរដ្ឋាភិបាលថ្មី

ភ្នំពេញ៖ សេណារ៉ូទី១ ឱ្យក្រុមមន្រ្តីរដ្ឋាភិបាលចាស់បន្តដឹកនាំរដ្ឋាភិបាលមួយឆ្នាំទៅពីរឆ្នាំ រួចបានចាកចេញ នឹងប្រគល់ឱ្យអ្នកជំនាន់ក្រោយ និងសេណារ៉ូទី២ ប្រគល់ឱ្យអ្នកជំនាន់ក្រោយដឹកនាំរដ្ឋាភិបាលពីដើមអាណត្តិដែលយោងទៅតាមលក្ខខណ្ឌ និងលក្ខណៈសម្បត្តិដែលសភាពការណ៍អំណោយផល ដែលដាក់ចេញសម្រាប់ឱ្យអ្នកបន្តវេនថ្មីដឹកនាំរដ្ឋាភិបាលថ្មី។ នេះបើតាមការលើកឡើងរបស់សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី៣ សីហានេះ។

បើតាមសម្តេច ហ៊ុន សែន មួយក្នុងចំណោមសេណារ៉ូទាំងពីរនេះ គឺត្រូវបានគណៈអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជា សម្រេចយកសេណារ៉ូទី២ គឺបានសេចក្តីថា សម្រេចឱ្យអ្នកជំនាន់ក្រោយដឹកនាំរដ្ឋាភិបាលចេញពីដើមទីតែម្តងដោយមិនចាំបាច់ឱ្យមានអន្តរកាលមួយដឹកនាំដោយក្រុមមន្រ្តីរដ្ឋាភិបាលចាស់នោះទេ។

សម្តេច បន្តថា «ធ្វើយ៉ាងនេះ ដើម្បីយើងផ្ទេរអំណាចពេញលេញទៅឱ្យអ្នកបន្តវេន គេអាចបំពេញការងារគេពេញមួយអាណត្តិតែម្តង។ ដូច្នេះខ្ញុំអាចបញ្ជាក់ថា នេះគឺជាការធានាធំបំផុតហើយ ដែលនឹងគ្មានវិបត្តិណាមួយកើតឡើងនៅពេលដែលនាយករដ្ឋមន្រ្តីចាស់ធ្វើការមិនកើត មានគ្រោះថ្នាក់ ឬរហូតដល់ស្លាប់»។

សម្តេច បានបន្ថែមថា ក្រុមអ្នកជំនាន់ក្រោយបានចូលមកដឹកនាំរដ្ឋាភិបាលនេះ គឺដោយសារតែពួកគេបានរៀបចំខ្លួនបានយ៉ាងល្អ ដើម្បីមកទទួលអំរែងពីក្រុមអ្នកជំនាន់ចាស់ សម្រាប់ដំណើរការការងាររយៈពេលវែងខាងមុខ។

សម្តេច ថា ពួកគេមិនមែនជាក្មេងទៀតនោះទេ បើប្រៀបធៀបជាមួយសម្តេច ដែលក្នុងតំណែងជានាយករដ្ឋមន្រ្តីកម្ពុជា គឺមានវ័យ៣២ឆ្នាំ ប៉ុណ្ណោះ តែឥឡូវនាយករដ្ឋមន្រ្តីថ្មី គឺមានវ័យរហូតដល់៤៦ឆ្នាំ៕