វិទ្យុបារាំងអន្តរជាតិ (RFI) ជាខេមរភាសាសម្រេចបញ្ឈប់ការផ្សាយតាមរលកអាកាស FM នៅកម្ពុជា

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៣ទៅ វិទ្យុបារាំងអន្តរជាតិជាខេមរភាសានឹងបញ្ឈប់ការផ្សាយតាមរលកអាកាស FM នៅប្រទេសកម្ពុជាដើម្បីងាកទៅពង្រីក និងពង្រឹងការផ្សាយតាមប្រព័ន្ធឌីជីថលទាំងស្រុង ពិសេសតាម Facebook។ នេះបើតាមការផ្សព្វផ្សាយរបស់វិទ្យុនេះនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

ហេតុអ្វីបានជាវិទ្យុបារាំងអន្តរជាតិជ្រើសយកយុទ្ធសាស្រ្តថ្មីនេះ?

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការស្ទាបស្ទង់មតិជាបន្តបន្ទាប់បានបង្ហាញឱ្យឃើញនូវការធ្លាក់ចុះខ្លាំង និងលឿនរហ័សនៃចំនួនអ្នកស្តាប់វិទ្យុនៅក្នុងប្រទេសកម្ពុជា។ បាតុភាពនេះដែលប៉ះពាល់ទាំងវិទ្យុផ្សាយនៅក្នុងស្រុកនិងវិទ្យុផ្សាយចេញពីបរទេស រួមទាំងវិទ្យុបារាំងផងកើតចេញពីទម្លាប់កាន់តែទូទៅ និងកាន់តែធំធេងរបស់ប្រជាជនខ្មែរក្នុងការនិយមប្រើប្រាស់ Facebook ដើម្បីអាន ស្តាប់ ឬមើលព័ត៌មាន។ ទន្ទឹមគ្នានឹងការធ្លាក់ចុះនៃចំនួនអ្នកស្តាប់វិទ្យុបារាំងអន្តរជាតិតាមរលកអាកាសFM ចំនួនអ្នកតាមដានព័ត៌មានរបស់យើងតាមប្រព័ន្ធឌីជីថល ពិសេសតាមFacebook បាន និងកំពុងបន្តកើនឡើងយ៉ាងលឿនរហ័ស។ ជាក់ស្តែង ទំព័រFacebook របស់វិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរទទួលបានជាង ២០០លានViews ក្នុងរយៈពេលពេញមួយឆ្នាំ ២០២២ កន្លងទៅ ហើយចំនួនអ្នកតាមដានកើនរហូតដល់ជិត ៥លាននាក់ក្នុងគ្រាបច្ចុប្បន្ន។

នេះហើយជាហេតុផលចម្បងដែលបានជំរុញឲ្យវិទ្យុបារាំងអន្តរជាតិធ្វើកំណែទម្រង់តាមរយៈការសម្រេចចិត្តបញ្ឈប់ជាស្ថាពរនូវការផ្សាយតាមរលកអាកាស FM និងងាកទៅផ្សាយតាមប្រព័ន្ធឌីជីថលទាំងស្រុងវិញ។ ក្នុងន័យនេះ នៅថ្ងៃទី៣១ កក្កដា ឆ្នាំ ២០២៣ វិទ្យុបារាំងអន្តរជាតិនឹងប្រគល់ទៅឱ្យរាជរដ្ឋាភិបាលកម្ពុជាវិញនូវហ្វ្រេកង់ FM ដែលខ្លួនកាន់កាប់តាំងពីឆ្នាំ១៩៩២ គឺ 92 FM និង 94.5 FM។

គួរបញ្ជាក់ថា វិទ្យុបារាំងអន្តរជាតិដែលផ្សាយជាភាសាបារាំង និងភាសាបរទេស ក្នុងនោះមានទាំងភាសាខ្មែរផងទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលខ្មែរឱ្យផ្សាយជាភាសាបារាំងនៅក្នុងប្រទេសកម្ពុជាតាមរលកអាកាស FM នៅឆ្នាំ ១៩៩២។ មួយឆ្នាំក្រោយមក ពោលនៅឆ្នាំ១៩៩៣ វិទ្យុបារាំងអន្តរជាតិបានបង្កើតឲ្យមានការិយាល័យនិពន្ធជាខេមរភាសានៅទីក្រុងប៉ារីសប្រទេសបារាំង។

ប៉ុន្តែសម័យកាលនោះ រាជរដ្ឋាភិបាលខ្មែរមិនអនុញ្ញាតឱ្យវិទ្យុបារាំងអន្តរជាតិជាខេមរភាសាបន្លឺសំឡេងតាមរលកអាកាស FM នៅកម្ពុជាទេ។ អ៊ីចឹងហើយបានជាពេលនោះពីទីក្រុងប៉ារីស វិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរបានផ្សាយតាមរលកអាកាសខ្លីទៅកាន់កម្ពុជានូវកម្មវិធីមួយម៉ោងរបស់ខ្លួននៅរៀងរាល់យប់ពីម៉ោង៧ដល់ម៉ោង៨ ម៉ោងនៅស្រុកខ្មែរ និងតាមរលកអាកាសមធ្យមសម្រាប់សហគមន៍ខ្មែរនៅប៉ារីស និងជាយក្រុងប៉ារីស។

គឺទើបនៅឆ្នាំ២០០៥ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យវិទ្យុបារាំងអន្តរជាតិជាខេមរភាសាបន្លឺសំឡេងតាមរលកអាកាស FM នៅប្រទេសកម្ពុជារយៈពេល ១ម៉ោងរៀងរាល់យប់ពីម៉ោង ៧ដល់ម៉ោង៨ ម៉ោងនៅស្រុកខ្មែរ។ ចំណែក ២៣ម៉ោងផ្សេងទៀតត្រូវបានវិទ្យុបារាំងអន្តរជាតិយកប្រើសម្រាប់ការផ្សាយបន្តផ្ទាល់ជាភាសាបារាំង។ កាលសម័យនោះ វិទ្យុបារាំងអន្តរជាតិបានសម្រេចជួលវិទ្យុស្ត្រី 102FM ឱ្យយកកម្មវិធីផ្សាយជាភាសាខ្មែររយៈពេលមួយម៉ោងទៅផ្សាយបន្តនៅរៀងរាល់យប់។

ក្រោយមកទៀតនៅឆ្នាំ២០១៣ វិទ្យុបារាំងទទួលបានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាលខ្មែរឱ្យពង្រីកការផ្សាយជាខេមរភាសាពី១ម៉ោងទៅ១៣ម៉ោងតាមរលកអាកាស FM នៅកម្ពុជា។ អ៊ីចឹងហើយបានជាវិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរសម្រេចបើកការិយាល័យរបស់ខ្លួននៅទីក្រុងភ្នំពេញ។ រហូតដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ វិទ្យុបារាំងអន្តរជាតិជាខេមរភាសាតាមរលកអាកាស FM ទាក់ទាញបានចំនួនអ្នកស្តាប់រហូតដល់ទៅ ១លាននាក់ក្នុងមួយសប្តាហ៍នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែបន្តិចម្តងៗ អ្នកស្តាប់វិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរផ្តើមងាកចេញពីការស្តាប់តាមវិទ្យុទៅស្តាប់ អាន និងមើលព័ត៌មានតាមប្រព័ន្ធឌីជីថលវិញ ពិសេសតាមទំព័រ Facebook របស់យើង។ នៅទីបំផុត ដើម្បីឆ្លើយតប និងដើម្បីសម្របទៅតាមការវិវត្តន៍របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងលោកនាពេលបច្ចុប្បន្ន វិទ្យុបារាំងអន្តរជាតិជាខេមរភាសាសម្រេចបង្វែរគោលដៅបន្តផ្សាយព័ត៌មានជាតិ និងអន្តរជាតិឱ្យមានលក្ខណៈកាន់តែសម្បូរបែប និងទូលំទូលាយតាមប្រព័ន្ធឌីជីថលទាំងស្រុង។

ដូច្នេះចាប់ពីថ្ងៃទី៣១ កក្កដា ឆ្នាំ ២០២៣ទៅ លោកអ្នកនាងនឹងអាចបន្តតាមដានព័ត៌មាន និងកម្មវិធីផ្សេងៗរបស់យើង រួមមានព្រឹត្តិការណ៍កម្ពុជា ព្រឹត្តិការណ៍អន្តរជាតិ ទស្សនៈព្រឹត្តិការណ៍ពិភពលោក បទសម្ភាសន៍ បទយកការណ៍ នាទីសុខភាពនិងអនាម័យ នាទីសហគមន៍ខ្មែរនៅបរទេស នាទីប្រវត្តិសាស្រ្តពិភពលោក ។ល។ នៅលើប្រព័ន្ធឌីជីថលដូចជា Facebook YouTube Telegram ឬ Instagram ។