អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងដំណើការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តទៅ

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំ ពពេល និងភូមិប្រវាល ឃុំតាយ៉ក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាល កម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការ ថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) និងគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣ តទៅ។

សេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលដល់ ប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងសាធារណជន ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។

សេចក្តីជូនដំណឹងនេះបន្តថា គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប (Siem Reap International Airport–REP) បច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) ចាប់ពីម៉ោង ០០៖០០ នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

បើតាមសេក្តីជូនដំណឹងដដែលនេះ ដោយឡែក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែល មិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខ តុលា ឆ្នាំ២០២៣៕