លោក យង់ ពៅ៖ ការប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត របស់គណបក្សមួយចំនួន បង្ហាញពីការទទួលស្គាល់ការរៀបចំរបស់ គ.ជ.ប

ភ្នំពេញ៖ ក្រោយពី គណបក្សនយោយបាយមួយចំនួនដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ បានប្រកាសទទួសល្គាល់នូវលទ្ធផលបោះឆ្នោត លោក យង់ ពៅ អគ្គលេខាធិការនៃរាជ្យបណ្ឌិត្យសភាកម្ពុជាបានចាត់ទុកថា គណបក្សនយោបាយទាំងនោះបាន ទទួលស្គាល់ការរៀបចំរបស់គ.ជ.ប។

លោក យង់ ពៅ ប្រាប់ Khmer CM នៅថ្ងៃទី ២៦ ខែកក្កដាថា “ការប្រកាសទទួលស្គាល់លទ្ធផលរបស់គណបក្សដែលបានចូលរួមការបោះឆ្នោតនេះ គឺបានបង្ហាញពីតថភាព កត្តាសត្យានុម័តនូវការរៀបចំការបោះឆ្នោត ពីព្រោះគាត់ (គណបក្សនយោបាយ) បានចូលរួមការបោះឆ្នោត គាត់ទទួលស្គាល់ដឹងលឺច្បាស់លាស់ ថា គ.ជ.ប បានរៀបចំយ៉ាងដូចម្តេច ? ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតចូលរួមយ៉ាងដូចម្តេច ?”។

លោក បន្តថា “មិនដូច អ្នកនៅខាងក្រៅស្រុក មិនបានឃើញសោះ មិនបានចូលរួមសោះ មិនបានដឹងទាល់តែសោះ ពោលពាក្យតាមភូមិសាស្ត្រនយោបាយរបស់ខ្លួន ពោលពាក្យទៅតាមសម្មតិកម្ម និង បុរេវិនិច្ឆ័យ ដែលបានកំណត់ទុកមុនរួចជាស្រេច”។

ជាមួយគ្នានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជនកម្ពុជា បានប្រាប់ Khmer CM នៅថ្ងៃទី ២៥ ខែកក្កដានេះថា ការប្រកាសទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតពីគណបក្សនយោបាយដែលមិនបានទទួលអាសនៈនៅក្នុងរដ្ឋសភាសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បង្ហាញថា ដំណើការបោះឆ្នោត បានប្រព្រឹត្តិទៅប្រកបដោយប្រជាធិបតេយ្យ សេរី និងយុត្តិធម៌។

លោកថ្លែងថា “ការទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតរបស់គណបក្សនេះ វាជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា វាបញ្ជាក់អំពី ដំណើការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែរុញជ្រៅទៅនៅក្នុងសង្គមកម្ពុជា និងប្រជាជកម្ពុជា”។

គណបក្សខ្មែរតែមួយ នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ បានចេញសេក្តីថ្លែងការណ៍ ប្រកាសគំាទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ក្រោយ បានសង្កេតឃើញថា បរិយាកាសនៅក្នុងអំឡុងពេលធ្វើយុទ្ធនា ការឃោសនារកសម្លេងឆ្នោតចាប់ពីថ្ងៃទី១ ដល់ ២១ ខែកក្កដា ឆ្នាំ២០២៣ និងការបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តិទៅមានភាពល្អប្រសើរ ស្របតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃ ព្រះរាជាណាចក្រកម្ពុជា និងមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត គ្មានការ រំខាន និងគ្មានអំពើហិង្សាកើតឡើងនោះទេ។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បានសរសេរថា ៖ “គណបក្សខ្មែរតែមួយ សូមគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិ កាលទី៧ ឆ្នាំ២០២៣ បានរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែល បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុ បក្ស និងអាចទទួលយកបាន”។

ជាមួយគ្នានេះ គណបក្សមហាសាមគ្គីជាតិខ្មែរនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ ក៏បានប្រកាសទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោយពីបានមើលឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែល បានប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ប្រកបដោយប្រជាធិបតេយ្យសេរីពហុបក្ស។

គណបក្សនេះ បានសង្កេតឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអនុញ្ញាតឲ្យ គ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតចូលរួមតាមដាន សង្កេតមើលការបោះឆ្នោត យ៉ាងច្រើនកុះករ ក្នុងនោះរួមមាន អ្នកសង្កេតការណ៍ ជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាសមាគម អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអ្នកសង្កេតការណ៍មកពីគណ បក្សនយោបាយឃើញថា ដំណើរការនៃការបោះឆ្នោតនៅកម្ពុជា បានប្រព្រឹត្តធ្វើឡើងដោយសេរី និងគ្មានអំពើហិង្សា។

លទ្ធផលបណ្តោះអាសន្ន ដែលចេញផ្សាយដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថាសម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,១៩៣នាក់ ស្មើនឹង៨២.៣០ភាគរយ នៃសំឡេងឆ្នោតបានការទាំងអស់ ដោយឡែកគណបក្សហ៊្វ៊ុនស៊ិនប៉ិច ឈរនៅលំដាប់លេខ២ ដោយទទួលបានសំឡេងគាំទ្រ ៧១៦,៤៤៣នាក់ ស្មើនឹង ៩.២២ភាគរយ។ តាមលទ្ធផលបណ្តោះអាសន្នបានបង្ហាញថា អ្នកចូលរួមទៅបោះឆ្នោតមាន ៨ ២១៤ ២២៨ ស្មើនឹង ៨៤,៥៩%៕