សម្ដេច ហ៊ុន សែន៖ ក្រោយបង្កើតរដ្ឋាភិបាលថ្មី លទ្ធភាពខ្ពស់បំផុតមាននាយករដ្ឋមន្ដ្រីថ្មីចុះជួបកម្មករ-កម្មការិនី

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន ដែលស្ថិតនៅក្នុងដំណាក់កាលនាយករដ្ឋមន្ត្រីចាំផ្ទះ បានលើកឡើងថា ក្រោយបង្កើតរាជរដ្ឋាភិបាលថ្មី អាចមានលទ្ធភាពខ្ពស់បំផុតដោយមាននាយករដ្ឋមន្ដ្រីថ្មី នឹងចុះសួរសុខទុក្ខចំពោះកម្មករ-កម្មការិនី ។

សម្តេចលើកឡើងបែបនេះ ក្នុងឱកាសចេញសារសុំទោសកម្មករ-កម្មការិនីដែលមិនបានចុះជួបសំណេះសំណាលដូចការតាមសន្យានៅក្រោយថ្ងៃបោះឆ្នោតនាថ្ងៃ២៧ កក្កដា ប៉ុន្តែមិនអាចចុះទៅជួបពួកគាត់បាន។

យោងតាមសារសំឡេងរបស់សម្តេច ហ៊ុន សែន នៅថ្ងៃ២៦ កក្កដា បានឲ្យដឹងថា សម្តេចមានគម្រោងនឹងជួបកម្មករ១០គោលដៅបន្តបន្ទាប់  ដោយថ្ងៃដំបូងនឹងជួបនាថ្ងៃ២៧ កក្កដា ស្អែកនេះ តែគម្រោង មិនអាចធ្វើតាមការសន្យបានឡើយ  ការមិនអាចជួបនេះ ដោយសារសម្តេចស្ថិតនៅក្នុងនាយករដ្ឋមន្រ្តីចាំផ្ទះនៅឡើយ ។

សម្តេចថា «ប៉ុន្តែដោយសារតែពេលវេលា និងកក្តាទិដ្ឋភាពនៃការរៀបចំរាជរដ្ឋាភិបាលថ្មី គឺកិច្ចនេះខ្ញុំសុំអភ័យចំពោះកម្មករ-កម្មការិនីទាំងអស់ចំពោះការសន្យា ប៉ុន្តែត្រូវលើកពេលទៅក្រោយបង្កើតរាជរដ្ឋាភិបាលថ្មី»។

សម្តេចបន្តថា នៅក្នុងដំណាក់កាលនេះ ស្ថិតក្នុងជារាជរដ្ឋាភិបាលចាំផ្ទះ អីចឹងមិនអាចចុះជួបបាន ។ សម្តេចបញ្ជាក់ថា “ខ្ញុំចង់ឲ្យអ្វីៗបានកើតឡើងនូវដំណាក់កាលនៃរាជរដ្ឋាភិបាលថ្មីដែលនឹងត្រូវទៅជួបចំពោះក្មួយៗ កូនៗ ចៅៗជាកម្មករ-កម្មការិនីទាំងអស់ ។

ដូច្នេះសូមបញ្ជាក់ឡើងវិញថា យើងនឹងជួបគ្នានៅក្រោយបង្កើតរាជរដ្ឋាភិបាលថ្មីដែលនឹងអាចមានលទ្ធភាពខ្ពស់បំផុតមាននាយករដ្ឋមន្ត្រីថ្មី នឹងទៅសួរសុខទុក្ខចំពោះកម្មករ-កម្មការិនីរបស់យើងជំនួសនាយករដ្ឋមន្ត្រីចាស់ តែនេះជាលទ្ធភាពនៃការកើតឡើងនូវរាជរដ្ឋាភិបាលថ្មីដែលមានទាំងនាយករដ្ឋមន្ត្រីថ្មី”។

សម្តេចហ៊ុន សែនបានគូសបញ្ជាក់ទៀតថា «ខ្ញុំមិនទៅណាទេ ហើយខ្ញុំនឹងធ្វើការបកស្រាយចំពោះបញ្ហានេះនៅថ្ងៃទី៣ ខែសីហាខាងមុខនេះនៅក្នុងពេលសម្ពោធផ្លូវខ្សែក្រវ៉ាត់ក្រុង ។ ខ្ញុំនឹងនិយាយនៅពេលនោះ ប៉ុន្តែខ្ញុំចាំបាច់ចេញសារមុនដែលតាមគម្រោង ខ្ញុំនឹងចេញទៅជួបកម្មករ-កម្មការិនីនៅថ្ងៃទី២៧ខែកក្កដាខាងមុខនេះ ប៉ុន្តែត្រូវបានអាក់ខាននិងត្រូវបានលើកពេល។ សូមក្មួយៗកូនៗ ចៅៗជាកម្មករ-កម្មការិនីយោគយល់»៕