អស់បារម្ភ! អាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ ក៏អាចមកស្នើសុំធ្វើប័ណ្ណ ប.ស.ស.បានដែរ

ភ្នំពេញ៖ សម្រាប់បងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងបងប្អូនអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ ក៏អាចមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. បានដែរតាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត។ នេះ បើតាម លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជាជីវៈ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣។

លោក អ៊ិត សំហេង បន្តថា ដើម្បីទទួលប័ណ្ណសមាជិក ប.ស.ស. លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌដូចតទៅ៖ មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល, ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក, ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស. nig សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង។ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)!!៕