គ្រោះថ្នាក់ចរាចរណ៍ ២ ថ្ងៃនៃថ្ងៃបោះឆ្នោត បណ្តាលឲ្យមនុស្សស្លា..ប់ ០៦នាក់ និងរងរបួស ៣៧នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍រយៈពេល ០២ថ្ងៃ នៃថ្ងៃបោះឆ្នោត (ថ្ងៃទី ២២-២៣ ខែកក្កដា ឆ្នាំ២០២៣) កើតឡើង ២៥លើក បណ្តាលឲ្យមនុស្សស្លាប់ ០៦នាក់ និងរងរបួស ៣៧នាក់ (ស្រាល ១០នាក់) បង្កឲ្យខូចខាតម៉ូតូ ២៨គ្រឿង យានយន្ត ១១គ្រឿង។

លោកឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ប្រាប់ Khmer CM នៅថ្ងៃទី ២៥ ខែកក្កដា ថា កត្តាដែលនាំឲ្យកើតមានគ្រោះថ្នាក់នោះគឺ ទី១ កក្តាមនុស្ស (បើកបរលើសល្បឿនកំណត់ ៤០% មិនគោរពសិទ្ធិអាទិភាព ២០% មិនប្រកាន់ស្តាំ ១២% វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៨% ងងុយដេក ស្មើ ៨%) និងទី២ កត្តាយានយន្ត មាន ១២%។

ជាមួយគ្នានេះ លោកសូមសំណូមពរដល់បណ្តាញសារព័ត៌មានទាំងអស់ សូមបន្តសហការជាមួយសមត្ថកិច្ច ជួយបង្កើនការផ្សព្វផ្សាយអប់រំ និងសូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បើកបរត្រូវចេះគោរពសិទ្ធិគ្នា មានការយោគយល់អធ្យាស្រ័យទៅវិញទៅមក ដើម្បីសុវត្ថិភាពខ្លួនឯងផង សុវត្ថិភាពក្រុមគ្រួសារអ្នកដទៃផង និងសុវត្ថិភាពសម្រាប់សង្គមជាតិយើងទាំងមូលផង សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ៕