Update៖ រកឃើញស..ពក្មេងប្រុសម្នាក់ដែលបានលិចក្នុងទឹកស្រះជម្រៅ ៧ម៉ែត្រ

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ក្នុងចំណោមមិត្តភក្កិចំនួន ៥នាក់ បានបបួលគ្នាទៅលេងទឹកស្រះ ក្នុងដីឡូតិ៍មួយកន្លែង បណ្ដាលឱ្យលិចចូលទៅក្នុងទឹកជម្រៅ៧ម៉ែត្រអស់រយះពេលជាង៥ម៉ោងទើបរកសពឃើញ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២និង ១៥នាទីរសៀលថ្ងៃទី ២៤ខែកក្កដាឆ្នាំ ២០២៣ ស្ថិតនៅផ្លូវលេខ ១០០៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពក្មេងប្រុសខាងលើនេះមានឈ្មោះ ហ៊ួ វីរៈចិត្រា អាយុ ១១ ឆ្នាំ ជាសិស្សថ្នាក់ទី៤នៃសាលាបឋមសិក្សាភ្នំពេញថ្មី ស្នាក់នៅជាមួយនឹងឪពុកម្ដាយក្បែរកន្លែងកើតហេតុ។

យោងតាមប្រភពពីមិត្តភក្កិរបស់ក្មេងប្រុសរងគ្រោះខាងលើនេះបានឲ្យដោយដឹងថា មុនពេលកើតហេតុពួកគេមានគ្នាប្រាំនាក់ បានបបួលគ្នាទៅលេងស្រះទឹកពីរកន្លែងក្បែរគ្នា ដើម្បីទៅបេះផ្លែឈូកយកមកហូប ខណៈពួកគេបានចុះទៅបេះផ្លែឈូកក្នុងស្រះមួយកន្លែងរួចមក ហើយពួកគេក៏បានមកស្រះទឹកមួយកន្លែងទៀត បន្ទាប់មកក្មេងប្រុសពីរនាក់ក្នុងចំណោមក្មេងប្រុស ប្រាំនាក់ បានចុះទៅក្នុងទឹកស្រះដែលមានជម្រៅ ៧ម៉ែត្រ ហើយក្មេងប្រុសម្នាក់ទៀតបានហែលមកលើគោកវិញ។

ចំណែកក្មេងប្រុសរងគ្រោះខាងលើបានលិចទៅក្នុងទឹកបាត់  ទើបពួកគេនាំគ្នាជិះកង់ ទៅប្រាប់ម្ដាយរបស់ក្មេងប្រុសរងគ្រោះដែលកំពុងនៅផ្ទះក្បែរកន្លែងកើតហេតុ ថា-អត្រាបានលង់ទឹកស្រះបាត់ហើយ ខណៈដែលម្តាយក្មេងប្រុសខាងលើបានទទួលដំណឹងដ៏អកុសលនេះភ្លាម រូបគាត់ក៏បានរួសរាន់មកកន្លែងស្រះទឹកខាងលើនេះ ហើយបានស្រែកហៅអ្នកដែលរស់នៅក្បែរកន្លែងកើតហេតុអោយជួយរុករកកូនប្រុសរបស់គាត់ ហើយក៏មានបងប្អូនដែលស្នាក់នៅទីនោះ នាំគ្នាមុជទឹកនិងយកសំណាញ់មកបង់ដើម្បីជួយរុករកក្មេងប្រុសរងគ្រោះខាងលើ អស់រយៈពេលជាច្រើនម៉ោង តែដោយសារទឹកមានជំរៅជ្រៅគេពេក មិនអាចឲ្យពួកគាត់ជួយធ្វើការសង្គ្រោះក្មេងប្រុសខាងលើនេះបានទាន់ពេលវេលា ទើបកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រាយការណ៍បន្តទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពេលដែលទទួលបានព័ត៌មានខាងលើនេះ សមត្ថកិច្ចក៏បានទំនាក់ទំនងទៅកាន់ក្រុមរុករកនិងសង្គ្រោះ ៩១១ ដើម្បីចុះមករុករកក្មេងប្រុសខាងលើនេះ។

ដោយកម្លាំងរុករកនិងសង្គ្រោះ ៩១១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីសុំ សំណាង  បានយកឧបករណ៍និងសម្ភារៈ ដើម្បីមុជរុករកសពក្មេងប្រុស  លុះនៅវេលាម៉ោង ៧និង ២៥ នាទីយប់ថ្ងៃខែឆ្នាំដដែល ទើបកម្លាំងរុករកនិងសង្គ្រោះបានមុជរុករកសពក្មេងប្រុសខាងលើនេះ ឃើញហើយប្រគល់ទៅអោយសមត្ថកិច្ចជំនាញនគរបាលខណ្ឌសែនសុខ ដើម្បីឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពក្មេងប្រុសខាងលើនេះទៅឲ្យម្ដាយឪពុកយកទៅធ្វើបុណ្យតាមប្រពៃណី៕