ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២៤ កក្កដានេះ បានចេញសេចក្តីថ្លែងការណ៍កំរាស់ពីរទំព័រ ការពារសមិទ្ធិផលនៃការបោះឆ្នោតជាតិអាណត្តិទី៧ កាលពីថ្ងៃទី២៣ កក្កដា ម្សិលមិញនេះ។ ក្រសួងចាត់ទុកការការបោះឆ្នោតសកលឆ្នាំ២០២៣នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា។
សម្រាប់ក្រសួងការបរទេស អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោតបង្ហាញពីប្រជាធិបតេយ្យដ៏រស់រវើក។ ក្នុងនោះអ្នកបោះឆ្នោតជាង ៨,២ លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ពួកគេស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើសគណបក្សនយោបាយ និងអ្នកដឹកនាំនាពេលអនាគត ដែលពួកគេជឿថា អាចដឹកនាំប្រទេសជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ក្រសួង បន្តថា អត្រាអ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ដែលលើសពីអត្រាអ្នកចូលរួមនៃការបោះឆ្នោតជាតិចំនួនបួនលើកកន្លងមក ចាប់តាំងពីឆ្នាំ ២០០៣ គឺជាការបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើកនៃប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត។
មួយវិញទៀត អត្រាអ្នកបោះឆ្នោតដ៏ខ្ពស់បំផុតនេះបង្ហាញពីការបដិសេធយ៉ាងច្បាស់ ចំពោះការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោត និងយុទ្ធនាការលាបពណ៌ដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណងឱ្យមានការផ្លាស់ប្តូររបប តាមរយៈវិធីសាស្ត្រមិនមែនប្រជាធិបតេយ្យ។ សិទ្ធិអធិបតេយ្យនិងស្វ័យសម្រេចរបស់កម្ពុជា ត្រូវតែទទួលបានការគោរព ដោយតួអង្គខាងក្រៅទាំងអស់។
ក្រសួង បានបន្ថែមថា ដំណើរការបោះឆ្នោតនេះត្រូវបានចូលរួមធ្វើជាសាក្សីមិនលំអៀងដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៤២២ នាក់ ដែលតំណាងឱ្យ ៦៥ សញ្ជាតិ មកពី ៦១ ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសហគមន៍អនិកជនកម្ពុជានៅបរទេស។ ដំណើរការបោះឆ្នោតនេះក៏ត្រូវបានតាមដានយ៉ាងដិតដល់ ដោយភ្នាក់ងារគណបក្សនយោបាយជិត ៦០.០០០ នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន ៩០.០០០ នាក់ ដែលបានបញ្ជាក់រួមទាំងអស់គ្នាអំពីភាពត្រឹមត្រូវ និងតម្លាភាព នៃការបោះឆ្នោត។
អ្វីដែលសំខាន់ទៀតនោះ គឺថាដំណើរការបោះឆ្នោតនេះគឺជាឧទាហរណ៍ជាក់ស្តែងនៃពហុបក្សនយោបាយពិតប្រាកដ ដោយផ្តល់ឱ្យប្រជាពលរដ្ឋកម្ពុជា និងគណបក្សនយោបាយរៀងៗខ្លួននូវឱកាសស្មើភាពនិងយុត្តិធម៌ ក្នុងការចូលរួមប្រកួតប្រជែងនយោបាយ នៅក្នុងដែនកំណត់នៃច្បាប់។ នេះបេីតាមការលេីកឡេីងរបស់ក្រសួង។
កក្រសួងការបរទេសបន្ថែមទៀតថា ក្នុងនាមជាប្រទេសអធិបតេយ្យនិងឯករាជ្យ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះពហុបក្សនយោបាយ និងប្រជាធិបតេយ្យប្រកបដោយសន្តិភាព ដោយគិតគូរពីលក្ខណៈពិសេសដោយឡែក ប្រវត្តិសាស្រ្តដ៏សោកនាដកម្ម និងវប្បធម៌របស់ប្រទេស៕