លោក ប្រាជ្ញ ចន្ទ៖ សម្ភារបោះឆ្នោតបានដឹកជញ្ជូនទៅដល់គោលដៅអស់ហើយ

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  (គ.ជ.ប) បានលើកឡើងថាសម្ភារបោះឆ្នោតសម្រាប់បំរើឱ្យកាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ស្អែកនេះ បានដឹកជញ្ជូនទៅដល់គោលដៅអស់ហើយ។

ការលើកឡើងរបស់លោក ប្រាជ្ញ ចន្ទ ធ្វើឡើងកាលពីថ្ងៃទី២១ខែកក្កដា ឆ្នាំ ២០២៣ ក្នុងពេលទទួលជួប លោក អ៊ីតធីផន ប៊ុនប្រាខង (H.E.Mr. Ittiporn Boonpracong) ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូមកសង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថាតំបន់ខ្លះ ត្រូវដឹកជញ្ជូនសម្ភារបោះឆ្នោតតាមយន្តហោះ តំបន់ខ្លះទៀតត្រូវដឹកជញ្ជូនតាមដំរី ដោយសារភ្លៀងជោគជាំ ផ្លូវពិបាកធ្វើដំណើរ និងត្រូវឆ្លងកាត់ទឹកថែមទៀត។

លោកបន្តទៀតថា គ.ជ.ប កម្ពុជា អនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយឯករាជ្យ ផ្អែកលើច្បាប់ជាធរមាន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការបោះឆ្នោត រួមទាំងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។

លោក អ៊ីតធីផន ប៊ុនប្រាខង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព័ត៌មានដែលទទួលបាននៅ ពេលនេះ អំពីប្រវត្តិនៃការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា និងកិច្ចដំណើរនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។

ជាមួយគ្នានេះ លោក អ៊ីតធីផន ប៊ុនប្រាខង បានថ្លែងអំណរគុណដល់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបានអញ្ជើញគណៈប្រតិភូថៃ ដើម្បីមកសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។

លោកបញ្ជាក់ថា នេះជាលើកទីមួយហើយសម្រាប់លោក ក្នុងតំណែងជាប្រធាន គ.ជ.ប នៃព្រះរាជាណាចក្រថៃ ដែលបានធ្វើទស្សនកិច្ចនៅក្រៅប្រទេស គឺព្រះរាជាណាចក្រកម្ពុជាតែម្តង ដែលមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងជាសមាជិកអាស៊ានជាមួយគ្នា ហើយលោក មានអារម្មណ៍សប្បាយចិត្តជាងបានទៅបណ្តាប្រទេសនៅអឺរ៉ុបទៅទៀត៕