អគារមជ្ឍមណ្ឌលទិន្នន័យជាតិ តម្លៃជិត ៣០លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

ភ្នំពេញ៖ អគារមជ្ឍមណ្ឌលទិន្នន័យជាតិ(National Data Center) តម្លៃជិត ៣០លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៣នេះ ដោយ ប្រើប្រាស់រយៈពេលក្នុងសាងសង់ ១ឆ្នាំកន្លះ។

ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់វិស័យសាធារណៈនិងឯកជននៅកម្ពុជា ក្នុងការទាញយកផលប្រយោជន៍ពីទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ព្រមទាំងបង្ហាញពីការបោះជំហានដ៏ធំមួយរបស់កម្ពុជាឆ្ពោះទៅបរិវត្តកម្មឌីជីថល។

លោកបន្តថា មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំនិងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យជាតិនេះ នឹងមានកម្រិតប្រព័ន្ធស្តង់ដារ៤ (Tier IV) ស្ថិតក្នុងអគារថ្មីមានកម្ពស់ ១២ជាន់ ទទឹង ៣៦ម៉ែត្រ និងបណ្តោយ ៦៣ម៉ែត្រ នៅពីក្រោយអគារទីស្តីការ ក.ប.ទ. បច្ចុប្បន្ន ដែលមានអាសយដ្ឋាន អគារលេខ ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕