បក្សភ្លើងទៀន ប្រកាសមិនជាប់ពាក់ព័ន្ធចំពោះអ្នកដែលអំពាវនាវដល់ពលរដ្ឋខ្មែរ កុំឱ្យទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោល

ភ្នំពេញ៖ គណបក្សភ្លើងទៀនប្រកាសបដិសេធ មិនជាប់ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះបុគ្គលមួយចំនួន បានធ្វើសកម្មភាពអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ កុំឱ្យទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោល នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

យោងតាមសេកច្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀននៅថ្ងៃទី ១៩ ខែកក្កដា នេះ ឱ្យដឹងថា ថ្មីៗនេះ មានបុគ្គលមួយចំនួន បានធ្វើសកម្មភាពអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ កុំឱ្យទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោល នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដែលនេះគឺជាទង្វើរំលោភបំពានច្បាប់ ពិសេសច្បាប់ស្ដីពីការបោះឆ្នោត។

សេចក្តីថ្លែងការណ៍នេះបន្ថែមថាគណបក្ស ភ្លើងទៀន សូមប្រកាសបដិសេធ មិនជាប់ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះ ទង្វើរបស់បុគ្គលទាំងឡាយណា ដែលធ្វើសកម្មភាពប្រាសចាកពីស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជាឡើយ៕