ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងប្រមាណ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្ត អំឡុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ពាក់ព័ន្ធនឹងការងារខាងលើនេះ នៅរសៀលថ្ងៃទី១៨ ខែកក្កដានេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញការងារនេះ អោយទទួលបានជោគជ័យ ទៅតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិក និងប្រជាពលរដ្ឋ បានទៅស្រុកកំណើត ចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងប្រមាណ ៣៥០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដោយបាន បែងចែងជា១០ទីតាំងនៅក្នុងរាជធានីភ្នំពេញ។
ជុំវិញបញ្ហានេះ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងប្រមាណ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនកម្មករ និយោជិក និងប្រជាពលរដ្ឋ ទៅស្រុកកំណើត ដើម្បីអោយពួកគាត់បានទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
ដូច្នេះ លោកបាន ជំរុញអោយមន្ត្រីពាក់ព័ន្ធដែលអនុវត្តការងារនេះត្រូវបំពេញការងារនេះអោយបានល្អ ជាមួយនិងការបើកបរដោយការប្រុងប្រយ័ត្ន ដើម្បីធានាសុវត្តិភាពជូនពួកគាត់ ទាំងទៅនិងមកភ្នំពេញវិញ។ ត្រូវដឹកជញ្ជូនពួកគាត់ដោយមិនមានការរើសអើង។ ចំពោះអាជ្ញាធរខណ្ឌដែលមានចំណតនៅក្នុងមួលដ្ឋានរបស់ខ្លួនត្រូវចុះពិនិត្យ និងសម្រួលលើការងារនេះ ជាមួយនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អប្រសើរ៕