គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជាង៣៣%ហើយ

កំពត៖ គិតមកត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វឌ្ឍនភាពការងារនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ៣៣,៣៩% ខណៈដែលស្ពានក្បាលរមាស កំពុងអនុវត្តការសាងសង់ថ្មី។

លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង ថ្លែងក្នុងពេលដឹកនាំក្រុមការងារចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក នៅថ្ងៃទី ១៣ ខែកក្កដា នេះ ឱ្យដឹងថា ក្នុងនោះមានដូចជា៖ (១) ការងារកាប់ឆ្ការ និងបោសសម្អាត សម្រេចបាន ៥២,៥៧ គ.ម (២) ការងារសាងសង់តួថ្នល់ Sub-grade សម្រេចបាន ៤៩,៨៨ គ.ម និង (៣) ការងារសាងសង់ស្រទាប់គ្រឹះរង Sub-base សម្រេចបាន ៣៦,៧៦ គ.ម។

ក្នុងឱកាសនេះដែរ លោក ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយត្រូវធ្វើឡើងវិញដដែលៗ។ លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ និងការស្រោចទឹកកាត់បន្ថយដីហុយជាដើម ជៀសវាងការរំខានបងប្អូនប្រជាពលរដ្ឋ។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕