ក្រសួងអប់រំកំពុងយកចិត្តដាក់ និងចាត់វិធានលើគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនវត្តស្វាយ ខេត្តសៀមរាប ដែលអសកម្មក្នុងការបង្រៀនសិស្ស

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាកំពុងពិនិត្យដោយយកចិត្តទុកដាក់ និងចាត់វិធានការលើគ្រូបង្រៀន នៅវិទ្យាល័យហ៊ុន សែនវត្តស្វាយ ខេត្តសៀមរាប ដែលអសកម្មក្នុងការបង្រៀនសិស្សតាមសំណើរបស់លោកគ្រូម្នាក់នៃសាលារៀននេះ ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ប្រាប់ Khmer CM នៅថ្ងៃទី ១៣ ខែកក្កដាថា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការរដ្ឋបាលតាមទិដ្ឋភាពជាក់ស្តែង។ បើចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា។

លោកបន្តថាវិធានការរដ្ឋបាលមាន២កម្រិត។ វិធានការរដ្ឋបាលថ្នាក់ទី១ គឺស្តីបន្ទោសជាលាយល័ក្ខអក្សរ និងផ្លាស់ដោយបង្ខំ និងវិធានការរដ្ឋបាលទី២ គឺលុបឈ្មោះចេញពីក្របខ័ណ្ឌ។ដោយឡែក ចំពោះករណីបទល្មើសព្រហ្មទណ្ឌ អាជ្ញាធររាជធានី-ខេត្តអនុវត្តនីតិវិធីតាមច្បាប់មានជាធរមាន។

លោកបន្ថែមថា គុណភាពគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងគុណភាពគ្រូបង្រៀន អាចជះផលវិជ្ជមានលើគុណភាពអប់រំនៅទូទាំងប្រទេសកម្ពុជា។ ជាក់ស្តែង ការដំឡើងឋានៈវិជ្ជាជីវៈដល់បុគ្គលិកអប់រំជា «នាយកល្អ» និងជា «គ្រូល្អ» ជាកិច្ចការមួយក្នុងចំណោមកិច្ចការផ្សេងទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការបន្តលើកកម្ពស់គុណភាពគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងគុណភាពគ្រូបង្រៀន។

បើតាម លោក រស់ សុវាចា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងគ្រូបង្រៀនបន្តដើរតួនាទីសំខាន់មួយក្នុងការលើកកម្ពស់គុណភាពរៀន និងបង្រៀន ដោយបន្តអនុវត្តន៍ក្រមសីលធម៌វិជ្ជាជីវ: និងវិធានការរដ្ឋបាលមានជាធរមានប្រកបដោយការទទួលខុសត្រូវខ្ពស់។

គ្រូបង្រៀនម្នាក់នៅវិទ្យាល័យហ៊ុន សែនវត្តស្វាយ ខេត្តសៀមរាប (សុំលាក់ឈ្មោះ) បានស្នើឱ្យសារព័ត៌មានចុះផ្សាយ រឿង អសកម្មក្នុងសាលារៀនរបស់ខ្លួន ព្រោះ រាល់ថ្ងៃលោក គ្រូមិនសូវ ជាមកបង្រៀនជាប់លាប់ទេ ព្រោះរវល់តែបង្រៀននៅសាលាឯកជន ហើយនាយករងពីរនាក់ទៀតបង្រៀនឯកជនច្រើនម៉ោងជាងគ្រូដ៏ទៃទៀត គ្មានពេលមកសាលាប៉ុន្មានទេ៕