UNESCO គ្រោងនឹងចុះទស្សនកិច្ចទីតាំងសំណង់អគារ និងផលិតផលបុរាណៗ ដែលមាននៅក្នុងសហគមន៍ខ្មែរឥស្លាម

ភ្នំពេញ៖ លោក កាទើ មហាំម៉ាត់ណោសស៊្រី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអះអាងថា នាយកការិយាល័យអង្គការយូនេស្កូ (UNESCO) ប្រចាំកម្ពុជា គ្រោងនឹងចុះទស្សនកិច្ចទីតាំងសំណង់អគារ និងផលិតផលបុរាណៗ ដែលមាននៅក្នុងសហគមន៍ខ្មែរឥស្លាម ឆាប់ៗខាងមុខនេះ។

ការអះអាងរបស់លោក កាទើ មហាំម៉ាត់ណោសស៊្រី ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពេលលោក ជួបពិភាក្សាការងារជាមួយ លោក សាដា អូម៉ា អាឡាម (His Excellency Sardar Umar Alam) នាយកការិយាល័យអង្គការយូនេស្កូ (UNESCO) ប្រចាំកម្ពុជា នៅស្នាក់ការអង្គការយូនេស្កូ រាជធានីភ្នំពេញ។

ក្នុងជំនួបនោះ លោកកាទើ មហាំម៉ាត់ណោសស៊្រី បានជម្រាបជូនអំពីវត្តមាន នៃសំណង់អគារ និងផលិតផលបុរាណៗមួយចំនួន ដែលមានអាយុកាលជាងមួយរយឆ្នាំ មានក្នុងសហគមន៍ខ្មែរឥស្លាម ដូចជានៅក្នុងខេត្តត្បូងឃ្មុំ បាត់ដំបង កំពង់ឆ្នាំង និងខេត្តក្រចេះ ជាដើម ផលិតផលសក្តានុពលទាំងនោះ ពិតជាបម្រើ ដល់វិស័យទេសចរណ៍ ជាពិសេសប្រភេទនៃទេសចរណ៍មូស្លីម។

លោក សាដា អូម៉ា អាឡាម បានសំដែងនូវការគាំទ្រ និងមានចំណាប់អារម្មណ៍ជាខ្លាំងចំពោះផលិតផលបុរាណៗ ដែលមានក្នុងសហគមន៍ខ្មែរឥស្លាមនៅកម្ពុជា ហើយលោកគ្រោងនឹងពិនិត្យពេលវេលាសមស្រប ដើម្បីចុះទៅទស្សនកិច្ចជាក់ស្តែង នៅគោលដៅទាំងនោះ នាពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានោះដែរ លោក នាយកការិយាល័យអង្គការយូនេស្កូ ក៏បានស្នើគំនិតផ្តួចផ្តើម ចង់ឱ្យមានមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌ឥស្លាមនៅកម្ពុជា (Islamic Cultural Exchange Centre in Cambodia) ផងដែរ។ ជាចុងក្រោយ លោក កាទើ មហាំណោសស្រ៊ី បានបង្ហាញការរីករាយចំពោះគំនិតផ្តួចផ្តើមនេះឡើង ព្រោះវាជាគោលដៅមួយសម្រាប់បម្រើដល់ភ្ញៀវទេសចរផងដែរ៕