អាណិតណាស់! បុរសម្នាក់កើតមានជំងឺផ្លូវចិត្តកម្រិតធ្ងន់ធ្ងរ ត្រូវចងច្រវាក់បង្ខាំងទុកក្នុងខ្ទមស្បូវ ដង្ហោយស្វែងរកជំនួយ

ភ្នំពេញ៖ លោក TPO Cambodia ទទូចស្នើសុំឱ្យពលរដ្ឋខ្មែរបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លា ជួយបុរសម្នាក់កើតមានជំងឺផ្លូវចិត្តកម្រិតធ្ងន់ធ្ងររយៈពេលជិត ២០ ឆ្នាំ ដែលកំពុង ចងច្រវាក់បង្ខាំងទុកក្នុងខ្ទមស្បូវ យ៉ាងវេទនាបំផុត។

បុរសម្នាក់ដែលកំពុងមានជំងឺផ្លូវចិត្តនេះ មានវ័យ៣២ឆ្នាំ មាឌធំឌាំង សក់វែងកន្ទ្រើង ដេកនៅលើគ្រែក្នុងខ្ទមស្បូវ ចងមុងដ៏កខ្វក់ ធុំក្លិន។ ជើងម្ខាងរបស់គាត់ជាប់នឹងច្រវាក់ចងភ្ជាប់នឹងសរសរខ្ទមស្បូវ ដៃទាំងសង ខាងត្រូវបានជាប់ច្រវាក់ផងដែរ។ ម្តាយបានរៀបរាប់ថា កូននេះជាកូនច្បង កើតមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរនេះ រយៈពេលជិត២០ឆ្នាំមកហើយ។

ជីដូនគាត់បានរៀបរាប់ថា កាលពីដំបូង ពេលនោះគាត់ជាសិស្ស ចៅនេះបានស្រលាញ់នារីម្នាក់។ ពួកគេទាក់ទងស្នេហាគ្នាតាមសំបុត្រ។ ក្រោយមក នារីនោះក៏បោះបង់គាត់ចោល។ គាត់ក៏ខូចចិត្ត កើតទុក្ខរហូតទៅជាសរសៃប្រសាទបែបនេះ។ ពេលនោះ គាត់អង្គុយសំកុក បាយមិននឹក ទឹកមិនស្រេក ទោះបីរៀបចំដាក់បាយទឹកដាក់ជូនក៏ដោយ។

សាច់ញាតិបានទៅរកថ្នាំខ្មែរ យកមកឱ្យស្ពង់ ព្រមទាំងនាំទៅព្យាបាលទាំងគ្រូខ្មែរ និងថ្នាំពេទ្យ ហើយក៏បានធូរស្បើយ។ បន្ទាប់មក គាត់អាចទៅធ្វើការនៅស្រែ ដូចជាជួយច្រូតស្រូវ។ ពេលធូរស្បើយបានប្រហែលមួយឆ្នាំ ស្ថានភាពជំងឺក៏ធ្វើទុក្ខឡើងវិញ។

អ្នកជំងឺត្រូវបានសមាជិកគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ប៉ុន្តែពុំទទួលបានការធូរស្បើយឡើយ។ ម្តាយអ្នកជំងឺចំណាយលុយព្យាបាលជំងឺកូនគាត់រហូតធ្លាក់ខ្លួនក្រ ទាំងវិធីព្យាបាលបែបបុរាណ និងទំនើប។ ទីបំផុត លុយក៏បង់ ក្តីសង្ឃឹមក៏រសាត់ទៅបាត់ គាត់ក៏សម្រេចចិត្តបោះបង់ការព្យាបាលរហូតមក។

អាការរបស់អ្នកជំងឺកាន់តែធ្វើទុក្ខកាន់តែខ្លាំង។ អ្នកជំងឺចាប់ផ្តើមបំផ្លាញដើមចេក ដើមស្វាយខ្ទេចខ្ទីអស់។ អ្នកជំងឺបោកបំបែកចានឆ្នាំង វាយបំបែកពាងទឹក។ ក្នុងផ្ទះឱ្យតែមានឥវ៉ាន់អី គឺគាត់វាយកំទេចបំផ្លាញគ្មានសល់ សូម្បីតែរកចានស៊ីបាយមិនបានផង។

បន្ទាប់មកអ្នកជំងឺចាប់ផ្តើមប្រើហិង្សាលើម្តាយ និងសមាជិកគ្រួសារ ពួកគេមានអារម្មណ៍ភ័យខ្លាច អសុវត្ថិភាព ព្រោះតែអាកប្បកិរិយាហិង្សារបស់អ្នកជំងឺ។ បន្ទាប់មក អ្នកជំងឺចាប់ផ្តើមយកដុំថ្មគប់ផ្ទះជីដូន ផ្ទះអ្នកជិតខាង។ ដើម្បីសុខសុវត្ថិភាព សាច់ញាតិក៏ស្នើទៅប៉ូលីសឃុំ ដើម្បីចាប់ចងបង្ខាំងទុកនឹងច្រវាក់។ ទោះបីជើងជាប់នឹងច្រវាក់ក៏ដោយ អ្នកជំងឺនៅតែអាចយកដុំថ្មគប់ចោលអ្នកដទៃ គប់ផ្ទះអ្នកជិតខាងបានទៀត។ សាច់ញាតិក៏សម្រេចចិត្តចាប់ចងដៃបន្ថែម។ អ្នកជំងឺត្រូវបានចងបង្ខាំងទុកចោលជាង១០ឆ្នាំមកហើយ។

បន្ទាប់ពីទទួលបានថ្នាំព្យាបាលពីអង្គការធីភីអូ អ្នកជំងឺទទួលបានភាពប្រសើរពីរោគសញ្ញាហាក់យឺតយ៉ាវ ប៉ុន្តែពេលយប់អ្នកជំងឺហាក់បានដេក ស្ងប់ស្ងាត់លែងអុកឡុកដូចមុន លែងកាច អ្នកផងហ៊ានមកក្បែរ។ ប្រហែលជា១ឆ្នាំដំបូង ទើបអ្នកជំងឺអាចប្រាស្រ័យទាក់ទងបានខ្លះៗ ហើយក៏ត្រូវសាច់ញាតិសម្រេចចិត្តដោះច្រវាក់ដៃ។

ការព្យាបាលអ្នកជំងឺនេះប្រើពេលយូរ រហូតដល់៤ឆ្នាំ ទើបបានធូរស្បើយ ហើយសាច់ញាតិហ៊ានដោះច្រវាក់ឱ្យមានសេរីភាព ហើយចូលមករួមរស់ជាមួយក្រុមគ្រួសារ។

ក្រុមគ្រួសារអ្នកជំងឺពិតជាមិនធ្លាប់នឹកស្មានទាល់តែសោះ ថានឹងមានគេមកជួយព្យាបាលកូនរបស់គាត់។ ពួកគាត់ពិតជារំភើបឥតឧបមា មិននឹកស្មានថា កូនគាត់ក្លាយជាមនុស្សម្នាដូចគេវិញ។ ពួកគាត់សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យអង្គការធីភីអូ និងសប្បុរសជន ដែលបានមកជួយស្រោចស្រង់ជីវិតកូនរបស់គាត់។

ការបរិច្ចាគរបស់អ្នក អាចជួយសង្គ្រោះអ្នកជំងឺចងច្រវាក់បង្ខាំងទុកឲ្យធូរស្បើយបាន (Your donation could save mentally ill patients who are chained) គណនីធនាគា ABA: Sokhoeun Hiek 001 533 786 គណនីធនាគាអេស៊ីលីដា TPO Cambodia: 3600-04- 680363-1-7 ៕