ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ចប់ការបោះពុម្ភសន្លឹកឆ្នោតជាង ១៣ លានសន្លឹក និងត្រៀមដឹកទៅតាមគោលដៅរាជធានីខេត្តនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សម្រាប់យកទៅបម្រើ ឱ្យការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ប្រាប់ Khmer CM នៅព្រឹកថ្ងៃទី១១ ខែកក្កដាថា ការបោះពុម្ពសន្លឹកឆ្នោតជាង ១៣ លានសន្លឹកនេះ ត្រូវបានធ្វើទៅតាមលំដាប់លំដោយ និងផែនការ ដោយធ្វើការបោះពុម្ពសម្រាប់ខេត្តនៅឆ្ងាយមុន និងចុងក្រោយបង្អស់ គឹការបោះពុម្ពសម្រាប់រាជធានីភ្នំពេញ ហើយក៏ត្រូវបានបញ្ចប់ជាស្ថាពរផងដែរ។
លោកបន្តថា ក្រៅពីធ្វើកិច្ចសន្យាជាមួយរោងពុម្ព គ.ជ.ប ក៏បានបញ្ជូនមន្ត្រីគ.ជ.ប ទៅពិនិត្យមើលដោយផ្ទាល់នូវសន្លឹកឆ្នោតទាំង ១៣លានសន្លឹកឆ្នោតនេះ បន្ថែមទៀត មុននឹងសម្រេច ដឹកបញ្ជូនយកទៅរក្សាបំរ៉ុងទុកខ្លះ ( ១លានសន្លឹក) នៅតាមគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងពេលករណីចាំបាច់និង ប្រើប្រាស់នៅតាមការិយាល័យបោះឆ្នោត នៅទូទាំងប្រទេស។
បើតាម លោក ហង្ស ពុទ្ធា ក្នុងដំណាក់កាលនៃការបោះពុម្ពសន្លឹកឆ្នោត រហូតទល់ពេលបញ្ចប់ជាស្ថាពរ គឺមានកំហុសតិចតួចបំផុត ហើយក៏ត្រូវបានកែតម្រូវ និងដោះស្រាយទាន់ពេលវេលាផងដែរ ជាមួយនឹងការការធ្វើកំណត់ហេតុច្បាស់លាស់ ក្នុងការបង្ហាញពីភាពទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតរបស់គ.ជ.ប ។
លោកបបន្ថែមថា សន្លឹកឆ្នោត ដែលបានបោះពុម្ពជាង ១៣ លានសន្លឹកនេះ នឹងត្រូវដឹកបញ្ជូនទៅរក្សាទុកនៅតាមគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ សម្រាប់ត្រៀមដឹកបញ្ជូនបន្តទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត សម្រាប់ចែកចាយទៅការិយាល័យបោះឆ្នោត សម្រាប់ជូនប្រជាពលរដ្ឋបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ។
បើតាមគ.ជ.ប ការបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹក ចំណាយ ថវិកាជាង២លានដុល្លារ ខណៈថវិកាសរុបសម្រាប់ចំណាយលើការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទាំងមូល មានចំនួនជាង ៥០លានដុល្លារ៕