ភ្នំពេញ:នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួន បុគ្គលឈ្មោះ ជា ដូ ពាក់ព័ន្ធករណីបានចែករំលែក (share) ពត៌មានមួយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក (Facebook)ពាក់ព័ន្ធក្លែងឋាន:ធ្វើអោយប៉ះពាល់ដល់ ស្ថាប័នមហាអយ្យការអមតុលាការកំពូល។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដានេះថា បុរសម្នាក់នេះបានសរសេរសំណេរ មានខ្លឹមសារថា “ខ្ញុំសុំដាក់សំនួរទៅខាងមេធាវីដើមបណ្តឹងថា តើលោកមានវិជ្ជាជីវ:ជាមេធាវីទេ មុននឹងធ្វើជាមេធាវីការពារក្តីឱ្យដើមបណ្តឹង លោកបានដឹងទេថា សំណុំរឿងនឹងវាយ៉ាងម៉េចទេ សូមលោកមេធាវីធ្វើការ ដោយតម្លៃជាមេធាវីផង យើង ជានរ: សាវង្ស ព្រះរាជអាជ្ញាអមតុលាការកំពូលក្រុងភ្នំពេញ” ដែលខ្លឹមសារនេះ បានប្រើឋាន:ក្លែងធ្វើអោយប៉ះពាល់ដល់ ស្ថាប័នមហាអយ្យការអមតុលាការកំពូល។
នាយកដ្ឋាន បានសាកសួរ បុគ្គលឈ្មោះ ជា ដូ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយបញ្ជូនសំណុំរឿងទៅតុលាការ តំណាងអយ្យការបានស្តាប់ចម្លើយជនសង្ស័យ ជា ដូ រួចរាល់ ជនសង្ស័យបានសារភាពកំហុស និងសុខចិត្តសុំទោសជាសាធារណ: និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕