សូមប្រុងប្រយ័ត្ន ! បុរសម្នាក់ឆក់ចរន្តអគ្គិសនី និងម៉ាស៊ីនភ្លើងបូមទឹកបណ្តាលអោយស្លាប់នៅស្រុកសង្កែ

បាត់ដំបង៖បុរសម្នាក់ ឈ្មោះ ចក់ ចិត្ត ភេទប្រុស អាយុ៤៤ឆ្នាំ បានឆក់ចរន្តអគ្គិសនី និងម៉ាស៊ីនភ្លើងបូមទឹកបណ្តាលអោយស្លាប់ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១០និង៣០នាទី ត្រង់ចំណុចក្រុមទី០៣ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយទទួលបានដំណឹងនេះ លោក យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចាត់ឱ្យកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងធ្វើកំណត់ហេតុ។

តាមការបំភ្លឺ ប្រពន្ធជនរងគ្រោះឈ្មោះ ដិប ណា បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៧និង០០នាទី ជនរងគ្រោះបានយកម៉ូទរ័បូមទឹកយកទៅបូមនៅក្នុងអូរស្ទឹង (ស្ទឹងចាស់) នៅមុខផ្ទះពេលដាក់ម៉ូទរ័បូមយកទឹក តែម៉ូទរ័មិនបានបូមឡើយ បន្ទាប់មកប្តី (សព) ប្រើកូនឈ្មោះ ចិត្ត សុភត្រ័ អាយុ១៣ឆ្នាំ ទៅដោតព្រីភ្លើងនៅឯផ្ទះ ក្រោយពីដោតភ្លើងហើយកូនបានដើរទៅប្រាប់ឪពុកវិញថា ទឹកបូមហើយពេលកូនទៅដល់មិនឃើញឪពុកទេ កូនបានមកផ្ទះប្រាប់ម្តាយថាអត់ឃើញពុកទេ ចំនែកខ្ញុំនឹកស្មានថាប្តី (សព) ដើរទៅលេងផ្ទះអ្នកជិតខាងដូចសព្វដង ដល់វេលាម៉ោង១០ មិនឃើញប្តីមកវិញ ក៏បានប្រើកូនឲ្យទៅតាមពេលកូនទៅដល់ បានស្រែកថាឪពុកបានអណ្តែតក្នុងអណ្តូងអូរស្ទឹងចាស់ស្លាប់ទៅហើយ រួចបានហៅអ្នកជិតខាងមកជួយស្រង់សពប្តី យកមកដាក់លើគ្រែមុខផ្ទះហើយរាយការណ៍ជូនសមត្ថកិច្ច។

ក្រោយពីពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា សពឈ្មោះ ចក់ ចិត្ត នេះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនី ពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕