លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលជាសះស្បើយពីជំំងឺវិញហើយ

កណ្ដាល ៖លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានជាសះស្បើយពីជំំងឺវិញហើយ ខណៈនៅព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ លោក បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ប្រចាំ ឆមាសទី២ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល ។

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ លោក គង់ សោភ័ណ្ឌ ក្នុងពេលកំពុងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ស្រាប់តែមានអការៈមិនស្រួលខ្លួន ហើយត្រូវបានមន្ដ្រី និងក្រុមគ្រូពេទ្យបញ្ជូនភ្លាមៗពីទីតាំងពិធីទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការសង្គ្រោះ និងត្រូវបានបញ្ជូនទៅ ព្យាបាលបន្ដ នៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ។

នៅពេលជាមួយគ្នានោះដែរ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រគល់តួនាទីដល់លោក នូវប៉េង ច័ន្ទតារា ជាអភិបាលខេត្តស្ដីទី នៃខេត្តកណ្ដាល ជាបណ្ដោះអាសន្ន នៅគ្រាដែលអវត្តមានលោក គង់ សោភ័ណ្ឌ។

នៅព្រឹកថ្ងៃទី ១០ ខែកក្កដានេះ លោក គង់ សោភ័ណ្ឌ បានចូលបំរើការងារវិញ ដោយដឹកនាំកិច្ចប្រជុំផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន ពិនិត្យ និងពិភាក្សា សេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកណ្តាល។ របាយការណ៍ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងារ របស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្តាល តាមរយៈឧបករណ៍វិភាគ SWOT និង ផ្សព្វផ្សាយ៖ សេចក្តីជូនដំណឹង លេខ ១០៥៦ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ស្តីពីការដាក់ឱ្យដំណើរការក្នុងការរៀបចំរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលខេត្ត ព្រមទាំងបញ្ហាផ្សេងៗ៕