សម្តេច ហ៊ុន សែន ប្រាប់ឱ្យអ្នកយកឈ្មោះសម្តេចបង្កើត Tik Tok ត្រូវលុបចេញបន្ទាន់នៅថ្ងៃនេះ

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសឲ្យក្រុមអ្នកយកឈ្មោះសម្តេចទៅបង្កើតគណនីលេង TikTok (តិកតុក) ត្រូវលុបចេញជាបន្ទាន់ចាប់ពីថ្ងៃនេះតទៅ។ ការបញ្ជាដាច់ណាត់នេះ ធ្វើឡើងបន្ទាប់ពីសម្តេចបានសង្កេតឃើញមានក្រុមអ្នកលេងបណ្តាញតិកតុក បានបង្កើតដាក់ឈ្មោះនិងរូបភាពសម្តេចជាច្រើនគណនី។

សម្តេច ហ៊ុន សែន បញ្ជាក់ថា ការបង្កើតច្រើនគណនីនេះ ព្រោះ សម្តេច ព្រួយបារម្មណ៍ខ្លាចមានអ្នកភាន់ច្រឡំព្រោះ ដោយសារអាខោនច្រើនពេក និងមិនដឹងណាមួយពិតជារបស់សម្តេច។

យោងតាមសារសំឡេងនៅលើប្រព័ន្ធតេឡេក្រាម នៅព្រឹកថ្ងៃ៧ កក្កដា សម្តេច ហ៊ុន សែន ថ្លែងថា មានអ្នកលេងតិកតុក យកឈ្មោះសម្តេចទៅប្រើ។ សម្តេចស្នើសុំឲ្យមានការបញ្ឈប់លុបចោលទាំងស្រុងនូវគណនីដែលយកឈ្មោះសម្តេចទៅប្រើនេះ។ ការយកឈ្មោះសម្តេចទៅប្រើនឹងនាំឲ្យមានការភាន់ច្រឡំមួយយ៉ាងធំ ដូច្នេះសម្តេចបានឲ្យជំនួយផ្ទាល់ធ្វើការជាបន្ទាន់ជាមួយក្រុមហ៊ុន តិកតុក ធ្វើយ៉ាងណាត្រូវលុបចោលជាបន្ទាន់។

ជាមួយគ្នានេះ សម្តេចក៏បានព្រមានថា បើសិនអ្នកណាមិនលុបគណនីតិកតុកមានឈ្មោះសម្តេចនោះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនអាចលើកលែង ព្រោះអាចនឹងមានការយល់ខុសនៅពេលបង្ហោះសារឬបង្ហោះរូបភាពចេញទៅតាមរយៈគណនេយ្យដែលប្រើឈ្មោះសម្តេច។

សម្តេចគូសបញ្ជាក់ថា “ដូច្នេះឥឡូវនេះខ្ញុំចេញមកប្រើប្រាស់របស់ខ្ញុំផ្ទាល់ គឺខ្ញុំនឹងបង្ហោះខ្លួនឯង ឬជំនួយការរបស់ខ្ញុំចូលបង្ហោះ ប៉ុន្តែភាគច្រើនខ្ញុំបង្ហោះខ្លួនឯងតាមរយៈសារខ្លីៗ ឬរូបភាពខ្លីៗ ទៅតាមចិត្តចង់របស់ខ្ញុំ ព្រោះគ្មានអ្នកណាមកត្រួតត្រា និងតាមដានលើរឿងរ៉ាវរបស់ខ្ញុំដូចកាលពីពេលមុនទេទៀតទេ”។ ក្នុងន័យ សម្តេចថា មានអ្នកមកត្រួតត្រាគឺចង់សំដៅលើអាខោនហ្វេសប៊ុកសម្តេច ដែលសម្តេចបានប្រកាសឈប់ប្រើកាលពីពេលថ្មីៗនេះ ។

បើទោះបីជាសម្តេចបញ្ជាឲ្យលុបតិតតុកចំពោះអ្នកបង្កើតដាក់ឈ្មោះសម្តេចនោះ ក៏សម្តេចថា ពួកគេមិនមានបំណងអាក្រក់ណាមួយនោះទេ ផ្ទុយទៅវិញពួកគេស្រឡាញ់សម្តេចទើបយកឈ្មោះសម្តេចទៅប្រើ។ សម្តេច ហ៊ុន សែន ប្រមុខនៃ រាជរដ្ឋាភិបាលក៏បានលើកឡើងថា ការបង្កើតគណនីតិកតុករាប់សិបគណនី បែបនេះ មិនអាចទទួលយកបានទេ និងបង្កើតឲ្យមានបញ្ហា និងភាន់ច្រឡំ ក្នុងចំណោមអ្នកប្រើប្រាស់តិកតុកដូចគ្នាទៅវិញទេ៕