ភ្នំពញ៖ លោក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា “ទោះមាន់មិនរងាវ ក៏ថ្ងៃនៅតែរះ”។ ការលើកឡើងរបស់លោកបណ្ឌិតនេះ សំដៅដល់លោក សម រង្ស៊ី អ្នកនយោបាយរកចោលស្រុក ដែលប្រើប្រាស់យុទ្ធសាស្ត្រដដែលៗ និងមិនទទួលបានជោគជ័យកាលពីការបោះឆ្នោតឆ្នាំ ២០១៨ ខណៈការបោះឆ្នោតឆ្នាំ២០២៣នេះ នៅតែបន្តដំណើទៅមុខ ។
មួយវិញទៀត ការលើកឡើងរបស់លោក បណ្ឌិត គិនភានេះ ធ្វើឡើងក្រោយពេលដែល ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោកបណ្ឌិត គិនភា ពន្យល់នៅថ្ងៃទី ៥ ខែកក្កដានេះថា ការបោះឆ្នោតឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាឈ្នះចំនួនបី ៖ ១. ឈ្នះលើយុទ្ធនាការដេកផ្ទះឈ្នះស្អាតរបស់លោក សម រង្ស៊ី និងក្រុមគាត់។ ២. ឈ្នះលើយុទ្ធនាការរបស់លោក សម រង្ស៊ី និងក្រុមគាត់ ឃោសនាឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោត។ និង ៣. ឈ្នះអាសនៈរដ្ឋសភា ១២៥/១២៥។
លោកបណ្ឌិតបន្តថា សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នេះ លោក សម រង្ស៊ី និងក្រុមគាត់ នៅតែប្រើយុទ្ធសាស្ត្រនិងយុទ្ធនាការដូចមុនដដែល, ដំបូងឃោសនា ប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត, បន្ទាប់មក ដោយមើលឃើញថា យុទ្ធនាការនេះទំនងមិនទទួលបានជោគជ័យ គាត់បានងាកមកប្រើ យុទ្ធនាការទី២ គឺឃោសនាឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោតដូចកាលឆ្នាំ២០១៨ដែរ។
លោកបញ្ជាក់ទៀតថា លើកនេះ លោក សម រង្ស៊ី និងក្រុមគាត់ក៏នឹងចាញ់ដូចឆ្នាំ២០១៨ ដដែល តែគាត់និងក្រុមគាត់នឹងលើកហេតុផលថា ប្រជាពលរដ្ឋទៅបោះឆ្នោតព្រោះភ័យខ្លាចការគំរាមកំហែងរបស់អាជ្ញាធរ ហើយប្រជាពលរដ្ឋមិនហ៊ានគូសសន្លឹកឆ្នោតចោលព្រោះគណបក្សប្រជាជនកម្ពុជាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដាក់សម្ពាធប្រជាពលរដ្ឋ។ ទោះបីចំណុចទាំងពីរនេះ មិនមែនជាហេតុផលក៏ដោយ ក៏លោក សម រង្ស៊ី និងក្រុមគាត់ មិនខ្វះហេតុផលដើម្បីការពារភាពបរាជ័យរបស់ខ្លួនដែរ។ អ្នកនយោបាយ ទោះស្លាប់ ក៏មិនសារភាព ! លោក សម រង្ស៊ី និងក្រុមគាត់ នឹងបន្តចាញ់ដោយគ្មានសង្វៀន នឹងក្លាយជាអ្នកនយោបាយអស្តង្គតដោយគ្មានអ្នកបន្តវេន។
លោកបណ្ឌិតបន្ថែមទៀតថា ខណៈដែល លោក សម រង្ស៊ី និងក្រុមគាត់ នឹងបន្តចាញ់ដោយគ្មានសង្វៀន, ប្រជាពលររដ្ឋនឹងនៅតែទៅបោះឆ្នោត ហើយសន្លឹកឆ្នោតបានការនឹងនៅតែមានអត្រាភាគរយខ្ពស់។ ក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ គ្មានហេតុផលអ្វីដែលប្រជាពលរដ្ឋបដិសេធសិទ្ធិខ្លួនឯងដែលមានកំណត់ដោយរដ្ឋធម្មនុញ្ញ ដោយបោះបង់ការបោះឆ្នោតដែលជាការបោះបង់សិទ្ធិអធិបតេយ្យក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួននិងការកំណត់ជោគវាសនាប្រទេសជាតិរបស់ខ្លួនតាមរយៈសន្លឹកឆ្នោតនោះទេ។
លោកថ្លែងថា “ ដូច្នេះ ចេតនាអាក្រក់ណាមួយក្នុងការធ្វើវិទ្ធង្សនាការបោះឆ្នោត គឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្មារតីនៃការអនុវត្តសិទ្ធអធិបតេយ្យរបស់ប្រជាពលរដ្ឋដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញប្រៀបដូច ដកហូតសិទ្ធិប្រជាពលរដ្ឋសម្រាប់រយៈពេល៥ឆ្នាំ។ ពីព្រោះឈរលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញ និងឈរលើគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស, ប្រជាពលរដ្ឋគឺជាម្ចាស់អំណាច គឺជាអ្នកសម្រេចជោគវាសនាអនាគតប្រទេសជាតិតាមឆន្ទៈរបស់ខ្លួនតាមរយៈសន្លឹកឆ្នោត ដែលត្រូវអនុវត្តដោយទៀងទាត់នៅរៀងរាល់ ៥ឆ្នាំម្តង” ។
បើតាម លោកបណ្ឌិត គិន ភា ការបោះឆ្នោតដោយទៀងទាត់ ជាធាតុមិនអាចខ្វះបានសម្រាប់ដំណើរការប្រជាធិបតេយ្យរស់រវើកនិងនីតិរដ្ឋរឹងមាំ និងរួមចំណែកធានានិរន្តរភាពជាតិ សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងវិបុលភាព៕