រតនគិរី៖ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានជនរងគ្រោះដែលជាកម្មករធ្វើការក្រុមហ៊ុន ហ័ង អាញ អណ្ដូងមាស ស្ថិតនៅភូមិ៣ ឃុំស្រែអង្គង ស្រុកកូនមុំ ខេត្តរតនគិរីសរុបចំនួន ១១នាក់ បានបាត់បង់ជីវិតចំនួន ១០ នាក់ ក្នុងនោះមានកម្មករនិយោជិតចំនួន ០៥នាក់។
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បើទោះបីជាមានការខិតខំប្រឹងប្រែងជួយអន្តរាគមន៍សង្គ្រោះពីគ្រប់ អាជ្ញាធរមានសមត្ថកិច្ចនិងអង្គភាពពាក់ព័ន្ធ តែដោយសារស្ថានភាពនៃការពុលស្រាធ្ងន់ធ្ងរ បានធ្វើឱ្យកម្មករទាំងនោះស្លាប់។
បើតាមមន្ទីរការងាររតនគិរី បន្ទាប់ពីមន្ទីរបានទទួលដំណឹង អំពីករណីសង្ស័យពាក់ព័ន្ធនឹងការពុលស្រារបស់បងប្អូនកម្មករនិយោជិតធ្វើការនៅក្រុមហ៊ុន ហ័ង អាញ អណ្ដូងមាស ស្ថិតនៅភូមិ៣ ឃុំស្រែអង្គង ស្រុកកូនមុំ ខេត្តរតនគិរី កាលពីវេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរបានចុះត្រួតពិនិត្យនិងស្រាវជ្រាវករណីនេះភ្លាមៗដោយសហការបានជាមួយអាជ្ញាធរ មានសមត្ថកិច្ច និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងបានណែនាំក្រុមហ៊ុនឱ្យចាត់វិធានការសុវត្ថិភាពនិងសុខភាពការងារ បន្ថែមជាបន្ទាន់ដើម្បីបង្ការហានិភ័យដល់កម្មករនិយោជិតពាក់ព័ន្ធ។
យោងតាមលទ្ធផលជាផ្លូវការ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានបញ្ជាក់ដោយអង្គភាព ជំនាញសុខាភិបាល ថា ករណីដែលបានកើតឡើងជាបន្តបន្ទាប់ខាងលើ គឺជាករណ៏ពុលស្រាដែលត្រូវបានដាក់លក់នៅ តាមទីតាំងក្បែរក្រុមហ៊ុន។
មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរីបាន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងការអាណិត ស្រឡាញ់ជាទីបំផុត ជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ព្រមទាំងសូមជូនពរដល់បងប្អូនកម្មករនិយោជិត រងគ្រោះឆាប់បានជាសះស្បើយ។ មន្ទីរនឹងសហការជាមួយបេឡាជាតិសន្តិសុខសង្គម ដើម្បីបន្តជួយដោះស្រាយទុក្ខ លំបាករបស់បងប្អូនកម្មករនិយោជិតរងគ្រោះ និងក្រុមគ្រួសារទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម៕