តាកែវ ៖ ប៉ូលីសសេដ្ឋកិច្ចម្នាក់ប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួនយកមកស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីសួរនាំ ក្រោយបង្ករឲ្យមានការផ្ទុះអាវុធជាមួយគយចល័តនៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅក្បែរច្រកទ្វារអន្តរជាតិភ្នំដិន។
ប្រភពពីកន្លែងកើតហេតុការបានឲ្យដឹងថា មុនមានការផ្ទុះអាវុធ ទំនងមានការកាច់កុងគ្នា រវាងគយចល័ត និង ប៉ូលីសសេដ្ឋកិច្ចប្រចាំការនៅច្រក ព្រោះឃើញមានរថយន្តដឹកទំនិញសំពីងសំពោងជាច្រើនគ្រឿងនៅទីនោះ។
ប្រភពដដែលបន្តថា ទំនងខាងប៉ូលីសសេដ្ឋកិច្ចរកស៊ីកាងរថយន្តដឹកទំនិញ ហើយមិនព្រមបង់ពន្ធទៅគយចល័តហើយមើលទៅ ទើបបានជាកើតមានជម្លោះនិងគ្នា រហូតមានការផ្ទុះអាវុធទៅលើគយចល័តបែបនេះទៅ។
បច្ចុប្បន្នមានរថយន្តដឹកទំនិញ ០៦ គ្រឿងត្រូវបានយកមករក្សាទុកនៅស្នាក់ការគយនិងរដ្ឋករខេត្តកែវ ដើម្បីដោះស្រាយ។
ជុំវិញករណីខាងលើ លោក ស៊ុន ឆាយ ប្រធានសាខាគយនិងរដ្ឋករខេត្តតាកែវ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ការងារនោះគឺបានធ្វើអនុលោមភាពហើយ មិនមានបញ្ហាអ្វីទេ។ ម្យ៉ាងប៉ូលីសសេដ្ឋកិច្ចប្រចាំការនៅច្រកនេះ បានផ្ទុះអាវុធមកលើគយ ព្រោះគាត់ជាអ្នកកាងរថយន្តដឹកទំនិញពេលយប់។
ដោយឡែកនាយរងប៉ូលីសការិយាល័យសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្ដដែលត្រូវានឃាត់ខ្លួនមានឈ្មោះ ណុប សំបូរ ភេទប្រុស អាយុ៣១ ឆ្នាំ ឃាត់ខ្លួនក្នុងករណីបទល្មើសជាក់ស្តែង កាលពីថ្ងៃទី ០២ កក្កដា ២០២៣ រួមជាមួយវត្ថុតាងកាំភ្លេីងខ្លីម៉ាក GLOCK លេខDZH980 គ្រាប់កាំភ្លេីងចំនួន១៥គ្រាប់ (គ្រាប់ពណ៌ទឹកប្រាក់ចំនួន ១០គ្រាប់) បង់កាំភ្លេីងចំនួន០១ និងរថយន្ត០១គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BY-9899 ផងដែរ។
ចំណែកលោក ហ៊ិន សុខេន ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ករណីនេះ ជំនាញលោកកំពុងដោះស្រាយនឹងរៀបចំសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕