ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងការលួចថតរូបនារីពេលកំពុងងូតទឹកនៅខេត្តស្ទឺងត្រែង

ស្ទឺងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣បានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការលួចថតរូបនារីម្នាក់ ដែលស្នាក់នៅបន្ទប់ជួលជាប់គ្នា ពេលកំពុងងូតទឹក។ ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង តាមពាក្យបណ្ដឹងរបស់ស្ដ្រីរងគ្រោះ។

របាយការណ៍ពីអាវុធហត្ថខេត្តស្ទឹងត្រែងនៅថ្ងៃទី ២ ខែក្កកដា ឱ្យដឹងថា ក្រោយទទួលពាក្យបណ្ដឹងភ្លាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ដឹកនាំដោយលោក សៅ វុត្ថា មេបញ្ជាការក្រុង បានចុះដល់កន្លែងកើតហេតុស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង និងចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សូ វីឡា (ហៅប្រុស) អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។

ប្រភពដដែលនេះបន្តថា ជនសង្ស័យបានធ្វើសកម្មភាពយកទូរស័ព្ទដៃលួចថតរូបតាមប្រលោះប្រហោងជញ្ជាំងជាប់ដំបូល ខណៈពេលដែលនារីម្នាក់កំពុងងូតទឹកក្នុងបន្ទប់ទឹក ។ ភ្លាមនោះជនរងគ្រោះក្រឡេកមើលទៅលើស្រាប់តែឃើញទូរស័ព្ទកំពុងថតខ្លួន ក៏ស្រែកហៅឲ្យប្អូនប្រុសជីដូនមួយទៅចាប់យកទូរស័ព្ទពីជនសង្ស័យ ហើយរាយការណ៍ជូនសមត្ថកិច្ច ។

តាមចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនធ្លាប់បានថតរូបភាពជនរងគ្រោះអាក្រាតកាយពេលងូតទឹកនោះបាន២លើករួចមកហើយ ។ តាមការស្រាវជ្រាវក្នុងទូរស័ព្ទដៃរបស់ជនសង្ស័យប្រទះឃើញរូបភាពអាក្រាតកាយរបស់ជនរងគ្រោះ ត្រូវបង្ហោះចូលក្នុងគ្រុបឆាតរបស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់និងរក្សាទុកក្នុងអង្គភាពកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអបសាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការតាមនីតិវិធី ៕