ស្ពានកោះពេជ្រ-កោះនរា សាងសង់បាន៨៥%ហើយ

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន ៨៥% នៃគម្រោង ខណៈតាមផែនការគ្រោងបញ្ចប់នៅខែវិច្ឆិកា ខាងមុខនេះ។ នេះបើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ។

ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរពីតំបន់ភូមិសាស្ត្រក្នុងរាជធានីទៅកាន់តំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ១ ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្សទាំងពីរ។

សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា បានបើកការដ្ឋានកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ ស្ពានមានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ គ្រោងសាងសង់៣៥ខែ ដោយចំណាយថវិកា៣៨លានដុល្លារ៕