ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបាននូវអត្រាកំណើនក្នុង រង្វង់ ៦,៦%

ភ្នំពេញ៖ សម្រាប់ឆ្នាំ ២០២៤ ខាងមុខនេះ, សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបាននូវអត្រាកំណើនក្នុង រង្វង់ ៦,៦% ដោយសារការរំពឹងទុកនៃការត្រឡប់មករកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងទំនុកចិត្ត វិនិយោគ ស្របពេលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក នៅបន្តរក្សាបានតុល្យភាព។

សារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាជាតិឆ្នាំ ២០២៤ -២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤-២០២៦ ដែលចុះហត្ថលេខា ដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៩ ខែមិថុនា ឱ្យដឹងថា ទន្ទឹមនេះ, ការអនុវត្ត “ក្របខ័ណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាព ថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣- ក្នុងពេលកន្លងមក ទាំងលើការស្តារវិស័យជាចន្ទល់កំណើនដែលមានស្រាប់ ក៏ដូចជា ការលើកកម្ពស់វិស័យសក្តានុពលថ្មីៗមួយចំនួនទៀត រួមមាន៖ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងបង្កើនតម្លៃបន្ថែម ដល់សេដ្ឋកិច្ច។

សារាចរដដែលបន្តថា ទោះបីជាក្របខ័ណ្ឌយុទ្ធសាស្ត្រនេះ នឹងត្រូវបានបញ្ចប់នៅឆ្នាំ ២០២៣នេះ, រាជរដ្ឋាភិបាលនឹង បន្តផ្តោតជាសំខាន់លើការបន្តធ្វើការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ សំដៅបង្កើនភាពប្រកួតប្រជែង និងកសាង ភាពធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយឈរលើអភិក្រមដែលមានស្រាប់។ ដូចនេះ, ការប៉ាន់ស្មាន និងការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា ៥,៦% សម្រាប់ឆ្នាំ ២០២៣ និង ៦,៦% សម្រាប់ឆ្នាំ ២០២៤ គឺត្រូវបានគិតគូរក្នុងកម្រិតបន្ទាត់មូលដ្ឋាន (Baseline projection) ស្របពេលដែល ទស្សនវិស័យសេដ្ឋកិច្ចសកល និងតំបន់ កាន់តែមានភាពមិនប្រាកដប្រជាខ្ពស់។

ផ្អែកលើសម្មតិកម្មក្នុងកម្រិតបន្ទាត់ មូលដ្ឋានខាងលើនេះ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ ត្រូវបានគាំទ្រដោយ៖ (១)-វិស័យកសិកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ១,១% ដែលគាំទ្រដោយកំណើននៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទរំពឹងថានឹងបន្តងើបឡើងវិញសន្សឹមៗ, (២)-វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រា ៨,៥% ដែលទ្រទ្រង់ដោយកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្ត សាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់បន្តសម្រេចបានកំណើនទាបជាងនិន្នាការមុនវិបត្តិកូវីដ-១៩ និង (៣)-វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៦,៩% ដោយការបន្តកើនឡើងនូវសកម្មភាពក្នុងអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រផ្សេងទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ក្នុងខណៈដែលអនុវិស័យអចលនទ្រព្យ ត្រូវបានរំពឹងថានៅបន្តសម្រេចបាន កំណើនទាបជាងនិន្នាការធម្មតា។

ជារួម, សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៤, បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជា ដែលបណ្ដាលមកពីកត្តាខាងក្រៅ រួមមាន៖ (១) ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយតំបន់ និង សកល, (២)-ការថមថយសេដ្ឋកិច្ចសកល, (៣)-ការបន្តរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុ ជាពិសេសសហរដ្ឋអាមេរិក និងការកើនឡើងថ្លៃរូបិយប័ណ្ណដុល្លារអាម៉េរិក ដែលអាចប៉ះពាល់ដល់រំហូរទុនវិនិយោគ និងពាណិជ្ជកម្ម, (៤)-ការបែកខ្ញែកនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលដែលនឹងប៉ះពាល់កិច្ចសហប្រតិបត្តិការ អន្តរជាតិ និង (៥)-ការប្រែប្រួលអាកាសធាតុនិងគ្រោះធម្មជាតិ។

ទន្ទឹមនេះ, កម្ពុជាក៏នៅតែបន្តប្រឈមនឹងបញ្ហាជា រចនាសម្ព័ន្ធខាងក្នុងប្រទេស ដែលធ្វើឱ្យការធ្វើពិពិធកម្មសេដ្ឋកិច្ចមានល្បឿនយឺត និងភាពប្រកួតប្រជែងមានកម្រិត ក្នុងនោះរួមមាន៖ (១)-ថ្លៃដើមធ្វើធុរកិច្ចនៅមានកម្រិតខ្ពស់, (២)-ភាពមានកម្រិតនៃកិច្ចសម្រួលពាណិជ្ជកម្ម និង បរិយាកាសធុរកិច្ច, (៣)-ភាពមានកម្រិតនៃកម្លាំងពលកម្មជំនាញទាំងបរិមាណ និងគុណភាពដែលមិនទាន់ អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ, (៤)-ភាពមានកម្រិតនៃប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម និង (៥)-ភាពមានកម្រិតនៃចំណេះដឹង និងជំនាញក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល។

ក្នុងបរិការណ៍នេះ, រាជរដ្ឋាភិបាល បាននិងកំពុងបន្តដាក់ចេញដោយប្រទាក់ក្រឡានូវគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយជារចនាសម្ព័ន្ធ ព្រមទាំងបន្តជំរុញឱ្យកាន់តែ មានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់នៃការអនុវត្តគោលនយោបាយទាំងនេះ សំដៅបន្តរក្សាលំនឹងនិងជំរុញ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

ក្នុងទិសដៅបន្តកសាងភាពធន់សង្គម-សេដ្ឋកិច្ចឆ្លើយតបនឹង វិបត្តិដែលអាចកើតមាន រាជរដ្ឋាភិបាលនឹងបន្តជំរុញការស្តារ និងពង្រឹងចន្ទល់កំណើនសេដ្ឋកិច្ច ឱ្យរស់រវើក និង ត្រឡប់ទៅកំណើនសក្តានុពល, ចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើង និងកសាងភាពធន់ សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំ និងមានភាពឆ្លើយតបខ្ពស់៕