ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាន ឱ្យដឹងថា វិស័យសំណង់និង អចលនទ្រព្យនៅឆ្នាំនេះនៅបន្តកំណើនវិជ្ជមាន ប៉ុន្តែថមថយសកម្មភាពទិញ-លក់ ខណៈសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣នេះ, ត្រូវបានវាយតម្លៃឡើងវិញថានឹងសម្រេចបាននូវកំណើន ក្នុងរង្វង់ ៥,៦%, ដូចគ្នានឹងការព្យាករកាលពីដើមឆ្នាំ, គឺខ្ពស់ជាងឆ្នាំ ២០២២ ដែលសម្រេចបាននូវកំណើតក្នុង អត្រា ៥,២% ប៉ុណ្ណោះ។
សារាចរ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាជាតិឆ្នាំ ២០២៤ -២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤-២០២៦ ដែលចុះហត្ថលេខា ដោយ សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី ២៩ ខែមិថុនា ឱ្យដឹងថា ការសម្រេចបាននូវអត្រាកំណើននេះ គឺបណ្ដាលមកពីការថមថយកំណើននៃវិស័យ កាត់ដេរដោយសារការថមថយនូវតម្រូវការសកល ជាពិសេសនៅប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមមាន៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងខណៈដែលវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាកំណើនល្អដូច ការរំពឹងទុក ដោយសារសក្តានុពលខ្ពស់នៃសកម្មភាពផលិតកម្មបម្រើឱ្យការនាំចេញមួយចំនួន រួមមាន៖ គ្រឿងបង្គុំ សូឡា និងសំបកកង់ និងផលិតកម្មបម្រើឱ្យតម្រូវការក្នុងស្រុក ជាពិសេសផលិតកម្មចំជាអាហារ និងភេសជ្ជៈនិង ឧស្សាហកម្មដំឡើងរថយន្ត ជាដើម។
សារាចរ នេះបន្តថា ចំពោះវិស័យសំណង់ និងអចលនទ្រព្យ, វិស័យនេះនៅបន្តកំណើនវិជ្ជមាន ក៏ប៉ុន្តែមាននិន្នាការថមថយ ដោយសារការបន្តថមថយសកម្មភាពសំណង់ និងចរន្តទិញ-លក់លំនៅឋានថ្លខ្ពស់ ក៏ប៉ុន្តែ ត្រូវបានប៉ះប៉ូវដោយកំណើនសកម្មភាពសំណង់ និងចរន្តទិញ-លក់លំនៅឋានថ្លៃទាប និងសំណង់បម្រើឱ្យ ឧស្សាហកម្ម ព្រមទាំងសេវាកម្មក្នុងស្រុក រួមមាន សំណង់រោងចក្រ និងអគារផ្សារទំនើប និងផ្សារលក់រាយ ជាដើម។ ចំណែកវិស័យកសិកម្មវិញ គឺនៅបន្តរក្សាកំណើនវិជ្ជមាន ក៏ប៉ុន្តែមានកំណើនថមថយជាងការរំពឹងទុក ដោយសារ ការកើនឡើងទាបនៃអនុវិស័យដំណាំ ពិសេសស្រូវវស្សាដែលបណ្ដាលមកពីកត្តាអាកាសធាតុ និងកំណើនថមថយ នៃអនុវិស័យចិញ្ចឹមសត្វ ជាពិសេសផលិតកម្មជ្រូក ដោយសារកត្តាថ្លៃ និងការនាំចូលសាច់បង្កកពីក្រៅប្រទេស។
ជារួម, កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៣ ត្រូវបានរួមចំណែកយ៉ាងសំខាន់ និងប៉ះប៉ូវមកវិញ ដោយសារការបន្តកើនឡើងខ្ពស់ជាងការរំពឹងទុកនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន (វិស័យទេសចរណ៍) និង អនុវិស័យគាំទ្រផ្សេងទៀត រួមមាន៖ អនុវិស័យដឹកជញ្ជូន និងអនុវិស័យលក់ដុំ‑រាយ ជាដើម។ ការត្រឡប់មក រកប្រក្រតីភាពវិញនៃសង្គម-សេដ្ឋកិច្ចសកល បានធ្វើឱ្យមានការបន្តកើនឡើងនៃរំហូរមនុស្សទាំងក្នុងកម្រិតសកល, តំបន់ និងកម្ពុជាខ្លួនឯង។ លើសពីនេះ, ជោគជ័យដ៏មហាអស្ចារ្យនៃការធ្វើជាម្ចាស់ក្នុងការរៀបចំកីឡាស៊ីហ្គេម ក៏បាន ក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ក្នុងការទាក់ទាញនូវទេសចរអន្តរជាតិទាំងសកល និងតំបន់មក កម្ពុជាបន្ថែមទៀត ទាំងក្នុងឆ្នាំនេះ ក៏ដូចជារយៈពេលខ្លី និងមធ្យមខាងមុខ។ ការបន្តកើនឡើងនូវទេសចរអន្តរជាតិ ក៏ផ្ដល់ផលវិជ្ជមានមកលើសកម្មភាពប្រើប្រាស់ក្នុងស្រុក ក៏ដូចជាសេវាកម្មគាំទ្រផ្សេងទៀតផងដែរ។ ជាការពិត, ឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនគួបផ្សំនឹងស្លាកស្នាមដែលសេសសល់ពីវិបត្តិជំងឺកូវីដ-១៩ ក៏បន្តបង្កជាផល ប៉ះពាល់លើទិដ្ឋភាពសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសក្រុមប្រជាជនងាយរងគ្រោះ។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល ក៏បាននិងកំពុងបន្តអនុវត្តវិធានការអន្តរាគមន៍ ជាពិសេសការដាក់ចេញនូវកញ្ចប់អន្តរាគមន៍សម្រាប់ គ្រួសារងាយរងហានិភ័យ ដោយសារការកើនឡើងអតិផរណា ដែលនឹងជួយបន្ថយផលប៉ះពាល់លើជីវភាពប្រជាជន ក៏ដូចជាទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៣ ផងដែរ៕