ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន ចាក់ឃ្លីបត្រូលឆាវឆាវ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ។
ក្នុងឃ្លីបឆាវឆាវដែលអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកស្គាល់គ្រប់គ្នាអំពីការត្រូលផ្សេងៗឲ្យតែមានព្រឹត្តិការណ៍កើតឡើង។ ជាក់ស្តែងពីថ្ងៃម្សិលក្រុមឆាវឆាវបានចេញវិដេអូឲ្យពលរដ្ឋទៅបោះឆ្នោតមានជិត២នាទីនោះ ត្រូវបានសម្តេច យកមកបង្ហោះក្នុងតេឡេក្រាមសម្តេចផងដែរ។
ក្នុងឱកាសបន្តជំនួបជាមួយកម្មករ នាថ្ងៃ២៤ មិថុនានេះ សម្ដេច ហ៊ុន សែន បានចាក់ឃ្លីបត្រូលឆាវឆាវ ស្តីពីការបោះឆ្នោត និងសម្ដែងការពេញចិត្តយ៉ាងខ្លាំង ចំពោះខ្លឹមសារអប់រំណែនាំ ឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។
សម្ដេចថ្លែងថា «សូមអរគុណចំពោះអ្នកត្រូល ហើយប្រហែលជាខ្ញុំសូមផ្ដល់មតិឱ្យតាមឃុំ-សង្កាត់ តាមខេត្តនានា អានេះបានសើចផង ហើយក៏ពន្យល់ឲ្យពលរដ្ឋទៅបោះឆ្នោត ប្រាប់ពីថ្ងៃបោះឆ្នោត និងគួរបោះឆ្នោតឱ្យអ្នកណា ចឹងយកឃ្លីបត្រូល (ត្រូលឆាវឆាវ) ហ្នឹងទៅចាក់លេង ជាមួយចម្រៀងដទៃទៀតផងទៅ វាមានអីអត់ទាស់ខុសអីទេ»។
សម្ដេច ហ៊ុន សែន បន្ងែមថា នេះមិនមែនជាឃោសនាបោះឆ្នោតនោះទេ ក៏ប៉ុន្តែរឿងពិតក្នុងប្រទេសកម្ពុជាគឺយ៉ាងដូច្នេះឯង ។ សម្ដេចថា អ្វីដែលបាននឹងកំពុងកើតនៅលើទឹកដីកម្ពុជានេះ គឺមានចំណែកពីការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះក៏មានឪពុកម្ដាយ ជីដូនជីតា របស់បងប្អូនកម្មករ កម្មការិនីផងដែរ៕