សម្តេច ហ៊ុន សែន ៖កម្ពុជា មិនធ្វើច្បាប់ឱ្យអ្នកស្រឡាញ់ភេទដូចគ្នាមានសិទ្ធិរៀបអាពាហ៍ពិពាហ៍ទេ

ភ្នំពេញៈ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្ពុជានឹងមិនរៀបចំច្បាប់ឱ្យ អ្នកស្រឡាញ់ភេទដូចគ្នា មានសិទ្ធិរៀប អាពាហ៍ពិពាហ៍ដូចបណ្តាប្រទេសមួយចំនូននោះទេ ប៉ុន្តែ កម្ពុជា ក៏មិនបានហាមឃាត់ពួកគេឱ្យអាពាហ៍ពិពាហ៍នោះដែរ។

ការប្រកាសរបស់ សម្តេច ហ៊ុន សែន បែបនេះធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នាបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្តេច ហ៊ុន សែន ថ្លែងថា៖ “យើងមិនហាមឃាត់ទេ ការស្រលាញភេទដូចគ្នាក៏ស្រលាញ់ទៅ! តែយើងមិនធ្វើច្បាប់ទៅជារៀបអាពាហ៍ពិពាហ៍រវាងភេទដូចគ្នាទេ! តែយើងក៏មិនហាមឃាត់”។

បើតាមសម្តេច ហ៊ុន សែន ប្រទេសមួយចំនួនបានធ្វើការទាមទារសិទ្ធិរៀបការប្រុសនិងប្រុស ហើយស្រីនិងស្រី។ ប៉ុន្ដែប្រទេសកម្ពុជា បានឲ្យសិទ្ធិស្របច្បាប់ដោយមិនបានរារាំង និងមានទោសពៃនោះទេ។ សម្តេចថ្លែងថា “ យើងគោរពសិទ្ធិរបស់គេ តែយើងមិនចេញច្បាប់”។

ទោះជាយ៉ាងណា សម្តេច បានអំពាវនាវ ឱ្យក្រុមស្រឡាញ់ភេទដូចគ្នាត្រូវការពារកុំឱ្យឆ្លងនូវជំងឺអេដស៍ តាមរយៈការប្រើប្រាស់ស្រោមអនាម័យ ខណៈ ការឆ្លងជំងឺអេដស៍នៅកម្ពុជាមានការកើនឡើង។ តាមការស្រាវជ្រាវ ជំងឺអេដស៍បានឆ្លងលើ មនុស្សស្រលាញ់ភេទដូចគ្នា ជាពិសេសបុរសស្រលាញ់បុរស។

បើតាម សម្តេច ហ៊ុន សែន ឆ្នាំ២០២២ តួលេខចំនួននៃ អ្នកកើតមេរោគអេដស៍មានប្រមាណ ១.៤០០ករណី ក្នុងនោះមានការកើនឡើង៣០០ករណី៕