លោក ឃួង ស្រេង ជំរុញឱ្យស្នងការបញ្ចេញឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពបញ្ជូនខណ្ឌ ដើម្បីធ្វើថ្មី

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព បញ្ជូនទៅអធិការខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ដើម្បីសាវជ្រាវធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគាត់ឡើងវិញ។

ការជំរុញរបស់លោក ឃួង ស្រេង ជំរុញបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ។

ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពនេះ ករណីធ្វើមិនទាន់មុនពេលបោះឆ្នោតទេ លោកបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ណែនាំទៅសង្កាត់ ដើម្បីធ្វើលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់ការបោះឆ្នោត មានន័យថា នៅពេលដែលអត្តសញ្ញាណប័ណ្ណ ធ្វើមិនបានរួចរាល់ តែពលរដ្ឋនៅតែអាចបោះឆ្នោតបាន ។

បន្ថែមពីនេះលោក ឃួង ស្រេង ក៏បានផ្ញើសាររំលឹក ដល់ប្រជាពលរដ្ឋដែលមានកូនអាយុ១៥ឆ្នាំ ឆាប់នាំកូន ទៅធ្វើអត្តសញ្ញាណប័ណ្ណ កុំចាំពេលដែលត្រូវការ ទើបសម្រុកទៅធ្វើ។

ក្នុងឱកាសនោះដែរ យោងតាមស្នងការរងរាជធានីភ្នំពេញ បានឲ្យដឹងថា គិតពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២៣ អាជ្ញាធរបានផ្ដល់អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋជាង១លាន៦ម៉ឺនសន្លឹក។ តាមទិន្នន័យដែលអាចព្យាករណ៍បាន នៅឆ្នាំ២០២៤ អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋនៅភ្នំពេញដែលអស់សុពលភាពមានចំនួន១៣២១០៣សន្លឹក នៅឆ្នាំ២០២៥ អត្តសញ្ញាណប័ណ្ណអស់សុពលភាពចំនួន៣៤៩២១៨សន្លឹក នៅឆ្នាំ២០២៦ អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន២៧៦៧៦២ សន្លឹក និងនៅឆ្នាំ២០២៧អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន២៧៤៣៦សន្លឹក៕