គណៈកម្មការជំនាញរដ្ឋសភាគាំទ្រទាំងស្រុង លើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ ៖ លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) បានឯកភាពគាំទ្រទាំងស្រុងដោយឥតកែប្រែទៅលើ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ហើយលោកក៏បានចាត់ទុកជាការប្រញាប់ផងដែរ ដើម្បីកំណត់ពេលក្នុងសម័យប្រជុំសភានាពេលខាងមុខឆាប់ៗនេះ។

ការគាំទ្ររបស់លោកនេះ នាឱកាសដឹកនាំ សមាជិក សមាជិកា រដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នាព្រឹកថ្ងៃ២០ មិថុនា។

នៅក្នុងកិច្ចប្រជុំនេះ សម្តេច ស ខេង បានរៀបរាប់អំពីការកែប្រែច្បាប់បោះឆ្នោតនេះ ដោយយោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិប្រកាន់យករបបនយោបាយដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមេដឹកនាំប្រទេស ត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។

សម្តេច ដើម្បីលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលបានចាក់ឫសនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ពិសេសដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការស្នើសុំធ្វើ វិសោធនកម្មច្បាប់បោះឆ្នោត សំដៅកែទម្រង់ “សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត”។

ក្នុងន័យនេះ ពលរដ្ឋដែលមានបំណងឈរឈ្មោះឲ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន ដោយត្រូវផ្ដើមចេញពីការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោករបស់ខ្លួន ដោយចេញទៅបោះឆ្នោត ដែលនេះជាករណីកិច្ចចម្បងរបស់ពលរដ្ឋល្អដែលមានការទទួលខុសត្រូវខ្ពស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ ដូច្នេះក្នុងករណីពុំបានអនុវត្តនូវសិទ្ធិបោះឆ្នោតដោយចេញទៅបោះឆ្នោតសម្រាប់ការបោះឆ្នោត រៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយគ្មានមូលហេតុសមស្រប ពលរដ្ឋនោះមិនគួរគប្បីចាត់ទុកជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីអាចឈរឈ្មោះឲ្យគេបោះឆ្នោតបានឡើយ។ ទន្ទឹមនឹងនេះ ដើម្បីលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា វិសោធនកម្មនេះក៏បានកំណត់ផងដែរថា បុគ្គលណាដែលបានធ្វើសកម្មភាពប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក៏ដូចជាធ្វើសកម្មភាពប៉ះពាល់ ឬធ្វើឲ្យខូចខាតដល់កិច្ចដំណើរការនៃការបោះឆ្នោត ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវប្រឈមនឹងការដកហូតជាបណ្តោះអាសន្ននូវ “សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត” ឬការហាមឃាត់មិនឲ្យចូលរួមនៅក្នុងការបោះឆ្នោតផងដែរ។

សម្តេចគូសបញ្ជាក់ថា សំណើធ្វើវិសោធនកម្មនេះ ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ ពិសេស វាក្យខណ្ឌទី៥ នៃមាត្រា ៣៤ ថ្មី (មួយ) ដែលចែងថា “បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះ ឲ្យគេបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់ ហើយទន្ទឹមនេះ សំណើធ្វើវិសោធនកម្មនេះ ក៏មិនធ្វើឲ្យប៉ះពាល់ឡើយដល់ “សិទ្ធិបោះឆ្នោត” របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ “ការទៅបោះឆ្នោត” ឬ ”ការមិនទៅបោះឆ្នោត នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ និងពុំមែនជាកាតព្វកិច្ចដែលមានចរិតជាការចាប់បង្ខំប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតដូចបណ្តាប្រទេសប្រជាធិបតេយ្យសេរីមួយចំនួនក្នុងពិភពលោកនោះទេ។

បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវមតិបំភ្លឺយ៉ាងល្អិតល្អន់របស់សម្តេច ស ខេង និងសហការីរួចមក ជួសមុខឲ្យគណៈកម្មការរដ្ឋសភាលោក ប៉ែន បញ្ញា បានសម្តែងនូវការគាំទ្រទៅលើសេចក្ដីព្រាងច្បាប់នេះទាំងស្រុង ដោយពុំមានការកែប្រែ។ គណៈកម្មការទី៦ នឹងធ្វើសំណើទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតនេះ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នាពេលខាងមុខ ដោយចាត់ទុកជាការប្រញាប់៕