កំពង់ស្ពឺ៖ ក្រុមហ៊ុនផលិតស្បែកជើងមួយឈ្មោះ អល វីន ស៊ូ (ខេមបូឌា) ឯ.ក ស្ថិតនៅស្រុកសំរោងទង នៅខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគសរុបប្រមាណ៦.៤លានដុល្លារអាម៉េរិក ត្រូវបានសម្ធោធដាក់ ឱ្យដំណើការជាផ្លូវការ ក្រោមវត្តមាន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងពិធីសម្ពោធនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ូ ឆាវហួយ អគ្គនាយកក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុនអាចផលិតស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិប្រមាណ ៣លានគូក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងផ្ទះក្នុងឧស្សាហកម្ម ពាណិជ្ជកម្ម និងដើម្បីនាំចេញទៅលក់នៅទីផ្សារសហរដ្ឋអាមេរិក។
ពាក់ព័ន្ធនឹងបញ្ហានេះ ដែរ លោក អ៊ិត សំហេង បានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ឯ.ក ជាការវិនិយោគថ្មីមួយទៀតសម្រាប់ការផលិត នាំចេញស្បែកជើង ទាំងស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិ។ នេះក៏ជាការបន្ថែមឱកាសការងារដល់កម្មករនិយោជិតក្នុងស្រុកជាច្រើនសន្ធឹកសន្ធាប់ បង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅទាំងកម្រិតបុគ្គល និងកម្រិតសហគមន៍ផងដែរនោះ។
ជាមួយគ្នានេះ លោក អ៊ិត សំហេង បានកោតសរសើរររដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងារ ដែលកន្លងមកបានយកចិត្តទុកដាក់ដល់កម្មករនិយោជិត និងនិយោជកនៅក្នុងខេត្ត ជាពិសេសការចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការទាក់ទាញវិនិយោគទុនឱ្យបង្កើតរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត ដើម្បីបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោករដ្ឋមន្ត្រីរូបនេះ បានបន្តថា សមិទ្ធផលខាងលើនេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ ការប្រែក្លាយតំបន់ដីចម្ការមីន ដីគ្មានប្រជាពលរដ្ឋរស់នៅ តំបន់អតីតសមរភូមិ តំបន់ជម្លោះព្រំដែនទៅជាតំបន់សន្តិភាព សហប្រតិការ និងការអភិវឌ្ឍ ក្លាយទៅទៅជាតំបន់ប្រជុំជន មានហេដ្ឋារចនាសម្ពន្ធផ្លូវ ថ្នល់ ស្ពាន មានផ្សារ សាលារៀន មន្ទីរពេទ្យ វត្តអារាម មានរោងចក្រពង្រាយរហូតដល់តាមបណ្តាខេត្ត ប្រជាពលរដ្ឋមានការងារធ្វើ មានមុខរបរចិញ្ចឹមជីវិត មានប្រាក់ចំណូល ក្រៅពីធ្វើស្រែធ្វើចម្ការ។
ជាមួយគ្នានេះ លោក អ៊ិត សំហេង ក៏បានស្នើដល់ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ឯ.ក សូមធ្វើប្រតិបត្តិការអាជីវកម្មដោយគោរពតាមច្បាប់ និងលិខិតបទដ្ឋានជាធរមានរបស់កម្ពុជា និងបានស្នើឱ្យកម្មករនិយោជិត និងនិយោជកត្រូវចេះសាមគ្គីភាពគ្នារក្សាឱ្យបាននូវទំនាក់ទំនងល្អនឹងគ្នាដូចជាបងនិងប្អូន ឬជាដៃគូដែលមិនអាចអត់មួយណាបានឡើយ ដើម្បីពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងរួមគ្នាប្រែក្លាយរោងចក្រ សហគ្រាសមួយក្លាយជាសហគមន៍សុខសាន្តជាឆ្នាំងបាយរួមរបស់កម្មករនិយោជិត និងនិយោជក។ ប្រសិនជាថ្នាក់ដឹកនាំសហជីពមានធ្វើអ្វីមួយខុសឆ្គង និយោជកគួរចេះអធ្យាស្រ័យ ហៅមកអប់រំ និងណែនាំ ប្រសើរជាងការបណ្តេញចេញ។
ទន្ទឹមនឹងនេះ និយោជកគួរមានគោលនយោបាយលើកទឹកចិត្តដល់កម្មករនិយោជិត បំប៉នសមត្ថភាព និងបង្កើនចំណេះដឹងដល់កម្មករនិយោជិត។ ប្រសិនជាកម្មករនិយោជិតមានចំណេះដឹងជាងមុននោះ ផលិតភាពក៏កាន់តែខ្ពស់សម្រាប់រោងចក្រផងដែរ។
លោក រដ្ឋមន្ត្រីបានឲ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់ជាអាទិភាពខ្ពស់ ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ បន្តទាក់ទាញវិនិយោគ ពង្រឹងភាពប្រកួតប្រជែង និងធានាបានកំណើនខ្ពស់ បន្តការបង្កើតការងារកាន់តែប្រសើរ និងបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាព និងបរិយាបន្ន។
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការអនុវត្តគោលនយោបាយសំខាន់ៗមួយចំនួន ដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥, ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣, គោលនយោបាយស្តីពីពលករទេសន្តប្រវេសន៍ ឆ្នាំ២០១៩-២០២៣, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ព្រមទាំងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បាននិងកំពុងជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីកសាងបានកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់៕