បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សម្រេច បានឃាត់ខ្លួន ជនសង្ស័យជាតិចិនចំនួន ២ នាក់ពាក់ព័ន្ធនឹងប្រើប្រាស់កំាភ្លើងខ្លី ម៉ាក់ GLOUK-17 បាញ់ជនជាតិចិនដូចគ្នា ឱ្យស្លាប់ភ្លាមៗ នៅវេលាម៉ោង០៩ និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
របាយការណ៍របស់កងរាជអាវុធក្រុងប៉ោយប៉ែតឱ្យដឹងថា ជនរងគ្រោះ ជាជនជាតិនចិនោះមាន ឈ្មោះ SHEN JIANGUO ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន រស់នៅក្នុងនៅបុរីសានហូ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
របាយការណ៍ដដែលបន្តថា ក្រោយការត្រួតពិនិត្យពីកម្លាំងជំនាញ ជនរងគ្រោះមានស្នាមមួយគ្រាប់កាំភ្លើងចំណុចក្បាលខាងក្រោយផ្នែកខាងឆ្វេងធ្លាយមកមុខត្រង់ចំណុចថ្ងាសខាងឆ្វេង នៅជុំវិញបរិវេណកន្លែងកើតហេតុដោយបានបន្សល់ទុកសំបកគ្រាប់កាំភ្លើងខ្លី ចំនួន០១គ្រាប់, គ្រាប់កាំភ្លើងខ្លីម៉ាកម៉ាក់GLOUK-17 ចំនួន០១គ្រាប់ និងគ្រាប់កាំភ្លើងម៉ាកK54 ចំនួន០១គ្រាប់។
របាយការណ៍ដដែល បន្ថែមថា ដោយមានការសម្របសម្រូលនីតិវិធីដោយលោក លឹម ប៊ុនសុភ័ក្រ្ត ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង២២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។
ជនសង្ស័យទាំង ២នាក់ រួមមាន:១. ឈ្មោះ ZHOU YONG (ហៅម៉ាទីន) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន។ និង ២.ឈ្មោះ ឡោ លឹមហាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យខាងលើស្នាក់នៅក្នុងបុរីសុខស្រេង ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននេះ តាម ដើមបណ្ដឹងឈ្មោះ Li Zhong Guo ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មានទីលំនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ត្រូវជាបងជីដូនមួយជនរងគ្រោះ)។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួន រួមមាន កាំភ្លើងខ្លីម៉ាក់GLOUK-17 លេខតួTSV665(បង់០១ គ្រាប់០៥គ្រាប់) ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ Zhou Yong។ កាំភ្លើងខ្លីម៉ាកK54 លេខតួ29103187 (បង់០១ គ្រាប់០៧គ្រាប់) ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ ឡោ លឹមហាប់។ បច្ចុប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួននៅមូលដ្ឋានអ.ហក្រុងដើម្បីសួរនាំតាមនីតិវិធី៕