ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ទៅក្រុមមនុស្សមួយចំនួនដែលចាំតែអង្គុយទើសចំពោះបេក្ខភាពជានាយករដ្ឋមន្រ្តីរបស់លោក ហ៊ុន ម៉ាណែតថា ទោះបី ហ៊ុន ម៉ាណែត ឡើងតាមជើងខោ ឬតាមស្អីក៏ដោយឲ្យតែធ្វើនាយករដ្ឋមន្ត្រីនៅកម្ពុជាស្របច្បាប់ ហើយកុំសង្ឃឹមពួកប្រឆាំងបានធ្វើនាយករដ្ឋមន្ត្រីឲ្យសោះ ។
ការបញ្ជាក់របស់សម្តេចបែបនេះ បន្ទាប់ពីក្រុមប្រឆាំងនៅក្រៅប្រទេសបានលើកឡើងជាថ្មីទៀត កាលពីរាត្រីថ្ងៃ១៥ មិថុនា តាមរយៈវិទ្យុបរទេសថា លោក ហ៊ុន ម៉ាណែត បេក្ខជនអនាគតនាយករដ្ឋមន្ត្រីកម្ពុជាបានឡើងតាមជើងខោឪពុកខ្លួនប៉ុណ្ណោះ គ្មានសមត្ថភាពអ្វីនោះទេ។ ប៉ុន្តែចំណុចនេះ សម្តេចវាយបកភ្លាមៗថា កូនប្រុសសម្តេចរូបនេះ គឺមានសមត្ថភាពគ្រប់គ្រាន់ អ្វីកាន់តែពិសេសដែលពួកប្រឆាំងគ្មានដូច ម៉ាណែត គឺថា ម៉ាណែត ជាអ្នកចេះលោតឆ័ត្រយោង តើក្រុមប្រឆាំងធ្វើដូចម៉ាណែតបានឬអត់? ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃ១៦ មិថុនា សម្តេច ហ៊ុន សែន បាន រំលឹកថា សម្តេចនឹងមិនធ្វើនាយករដ្ឋមន្ត្រីដល់ឆ្នាំ២០៣២នោះទេ ដោយសារពេលនោះសម្តេចមានអាយុ៨០ឆ្នាំហើយ។ សម្តេចបញ្ជាក់ថា «ខ្ញុំមិនធ្វើដល់អាយុ៨០ឆ្នាំទេ !មានអាមួយនោះនិយាយថា ហ៊ុន ម៉ាណែត ឡើងតួនាទីតាមជើងខោ «…»ឥឡូវអញសួរហ្ហែងឲ្យច្បាស់ពិសេសនោះ អាជុន ច័ន្ទបុត្រ សម្ភាសន៍ជាមួយអាក្មេងពាលមួយ និងអ្នកម្នាក់ទៀត។ អាក្មេងពាលនិយាយថា ហ៊ុន ម៉ាណែត ឡើងតាមជើងខោ»។
សម្តេចបានគូសបញ្ជាក់ថា «សូមប្រាប់ថា ហ៊ុន ម៉ាណែត ឡើងតាមជើងខោក៏ដោយ តាមស្អីក៏ដោយឲ្យតែស្របច្បាប់ ភាពស្របនៅទីនេះ គឺឥឡូវនេះហ៊ុន ម៉ាណែតបានសុំច្បាប់ពិសេស ដោយមិនកាន់កងទ័ពនោះទេ។ អីចឹងបានអត់ឃើញវត្តមាននៅពេលសម្ពោធកងពលលេខ៧០កន្លងមក។ តម្រូវឲ្យសុំច្បាប់ពិសេសដូច្នេះ ហ៊ុន ម៉ាណែត ត្រូវធ្វើកិច្ចការបក្សមិនមានពាក់ឯកសណ្ឋាកងទ័ពទេ” ។
ជាមួយគ្នានោះដែរ សម្តេចបានលើកឡើងថា លក្ខខណ្ឌដែលធ្វើនាយករដ្ឋមន្ត្រីនៅកម្ពុជាបានដំបូងបំផុតគណបក្សនយោបាយរបស់ខ្លួនត្រូវជ្រើសរើសបេក្ខជននាករដ្ឋមន្ត្រី “គណបក្សប្រជាជនមានមនុស្សច្រើនណាស់ តែបញ្ហាសំខាន់បំផុត ហ៊ុន ម៉ាណែត ជាកូន ហ៊ុន សែន តែប៉ុណ្ណឹងទេ ក៏ប៉ុន្តែបើទោះបីជាមិនមែនកូនក៏យើងត្រូវរើសយកដែរ ព្រោះមានគ្រប់លក្ខខណ្ឌសម្បត្តិគ្រប់គ្រាន់ ហើយបានជ្រើសរើសរយៈពេល២ឆ្នាំមកហើយ” ។
សម្តេចបន្តថា បេក្ខជននាយករដ្ឋមន្ត្រី គឺអ្នកនោះត្រូវតែជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រដែលពេលនេះ ហ៊ុន ម៉ាណែត ជាបេក្ខជនឈរឈ្មោះនៅមណ្ឌលភ្នំពេញ។ កាបោះឆ្នោតសមាមាត្រមិនពិបាកសម្រាប់ធ្វើនាយករដ្ឋមន្ត្រីទេ។ បន្ទាប់មកត្រូវទទួលបានព្រះមហាក្សត្រតាំងតែធ្វើជានាយករដ្ឋមន្ត្រី បន្តមកទៀតដើម្បីឲ្យក្លាយជានាយករដ្ឋមន្ត្រីផ្លូវការ ត្រូវរៀបចំគណៈរដ្ឋមន្ត្រីដោយផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា និងបន្ទាប់មកទៀត ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ត្រីទាំងមូល។
សម្តេចបានលើកឡើងទៀតថា ករណីលោក ហ៊ុន ម៉ាណែត ធ្វើនាយករដ្ឋមន្ត្រីនេះ បើមិនអាចធ្វើក្រោយបោះឆ្នោតឆ្នាំ២០២៣នេះបានទេ លោក ហ៊ុន ម៉ាណែត នៅតែជាអ្នកតំណាងរាស្ត្រធម្មតាប៉ុណ្ណោះ ៕