បន្ទាយមានជ័យ ៖ទំនិញផលិតផលដើមកំណើតពីសត្វមានទម្ងន់ជាង២០តោន ដែលមន្ត្រីជំនាញពិនិត្យមាន៧តោនគ្មានការវេចខ្ចប់ត្រឹមត្រូវ ខុសលក្ខណៈបច្ចេកទេសហើយខូចគុណ និងព្រួយបារម្ភផ្តាសាយបក្សីត្រូវបានដកហូតដឹកយកមកដុតកម្ទេច និងកប់ចោលនៅជាយក្រុងសិរីសោភ័ណ ។
ការដុតកំទេចចោលនូវទំនិញខូចគុណភាពនេះ ធ្វើឡើងក្រោយមានការសម្របសម្រួលពីព្រៈរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តមន្ត្រីចម្រុះបានចុះពិនិត្យឃ្លាំងចំនួន៤កន្លែងនៅយប់រំលងអធ្រាត្រ ចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅផ្សារត្រីខាងជើងផ្សារអគ្គស្ថិតភូមិប៉ាលិលេយ្យមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
តាមការណែនាំពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វ មន្ត្រីនាយកដ្ឋានបានសហការជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៣ បានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាចុះពិនិត្យឃ្លាំងចំនួន៤កន្លែងជាប់គ្នា ដោយរកឃើញផលិតផលដើមកំណើតពីសត្វក្រោយពិនិត្យរកឃើញទំនិញដែលជាផលិតដើមកំណើតពីសត្វវេចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងខូចគុណភាពនិងព្រួយបារម្ភខ្លាចមានជំងឺផ្តាសាយបក្សី។
ម្ចាស់ឃ្លាំងដែលរកឃើញទំនិញខូចគុណភាពនិងដកហូត៧តោនមានផលិតផលដើមកំណើតពីសត្វដែលមានសាច់មាន់ ប្រហិតចម្រុះត្រូវបានយកដុតកំទិចចោល ហើយម្ចាស់ឃ្លាំងទាំងបួនត្រូវបានអនុវត្តតាមនីតិវិធីច្បាប់៕