ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ ។
ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថាមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ បានគាំទ្រដល់គំនិតផ្ដួចផ្ដើម នៃគម្រោងរបស់កម្ពុជា សរុបចំនួន ៩ ដែលនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ជាទឹកប្រាក់ប្រមាណ ២ លានដុល្លារអាមេរិក។ គម្រោងទាំងនោះ នឹងផ្តល់ផលកាន់តែច្រើននៅតាមវិស័យផ្សេងៗ រួមមាន ៖វិស័យដឹកជញ្ជូន និងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខស្បៀង ការស្រាវជ្រាវ ការកសាងសមត្ថភាព ក៏ដូចជាការអភិរក្សបេតិកភណ្ឌ។
បើតាមក្រសួងការបរទេសកម្ពុជា ក្នុងរយៈពេល ៦ ឆ្នាំ កន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់ជំនួយហិរញ្ញវត្ថុដល់គម្រោងប្រមាណ ៨០ នៅកម្ពុជា។ ការអនុវត្តគំនិតផ្តួចផ្តើមសហការទាំងនេះ បង្ហាញពីការបន្តប្ដេជ្ញាចិត្តរបស់កម្ពុជា និងចិន ដើម្បីរួមចំណែកដល់ការកសាងសហគមន៍វាសនារួម នៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាង ទាំងអស់៕