ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំសម្រេច ដកហូតអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូត៍ និងបានផាកពិន័យអន្តរការណ៍លើការប្រព្រឹត្តល្មើសនឹង បទប្បញ្ញត្តិជាធរមាន របស់ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក (CHEA SARON CO., LTD.) ។
យោងតាមលិខិតរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ផ្ញើជូនលោក ជា សារ៉ន ដែលជាអគ្គនាយកក្រុមហ៊ុន ហើយត្រូវបាន អង្គភាពសារព័ត៌មាន Khmer CM ទទួលបាននៅថ្ងៃទី ១៥ ខែមិថុនា បានសរសេរថា អនុលោមតាម លក្ខខណ្ឌនៃសៀវភៅបន្ទុកសម្រាប់អ្នកកាន់អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូត៍ និងប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន.ប.ប.) សម្រេចដកហូតអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូត៍គម្រោង ការអភិវឌ្ឍដីឡូត៍លំនៅឋាន របស់ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯក (CHEA SARON CO., LTD.) ហើយក្រុមហ៊ុនត្រូវទទួលរងនូវការផាក័ពិន័យអន្តរការណ៍ជាប្រាក់ ១៨ លានរៀល។
បើតាមនិយ័តករកម្ពុជា ចំនួនប្រាក់ពិន័យអន្តរការណ៍នេះ ក្រុមហ៊ុនត្រូវបង់នៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) តាមដីកាអមរបស់នាយកដ្ឋានគ្រប់គ្រងអាជ្ញាបណ្ណ និងកិច្ចការតីតិយុត្ត នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចំ ដូចបានជូន ភ្ជាប់។ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើ និយ័តករនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។
លោក ជា សារ៉ន អគ្គនាយកក្រុមហ៊ុន ជា សារ៉ន រៀលធី ឯក (CHEA SARON CO., LTD.) និងបក្ខពួកសរុបចំនួន៩នាក់ កាលពីកន្លងទៅថ្មីៗនេះ ត្រូវបានតុលាការខេត្តកំពតសម្រេច ឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធទៅនឹងបទឆបោក ដែលធ្វើឲ្យប្រជាពលរដ្ឋលង់ខ្លួន ទៅខ្ចីលុយពីស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ រួមទាំងលុយផ្ទាល់ខ្លួន ទៅទិញដីឡូតិ៍របស់ខ្លួន៕