ឃាត់ខ្លួនក្រុមចោរធាក់ម៉ូតូប្លន់ ៣នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ នៅស្រុកត្រាំកក់

តាកែវ៖ យ៉ាងហោចណាស់ ក្រុមមុខសញ្ញាធាក់ប្លន់ម៉ូតូនៅផ្លូវជាតិលេខ៣ ចំនួន៣នាក់ក្នុងចំណោមបក្ខពួក ៥នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើការប្រដេញចាប់បានភ្លាមៗ នៅចំណុចផ្លូវលេខ២២ ស្ថិតក្នុងភូមិអង្គតាសោម បន្ទាប់ពីធ្វើសកម្មភាពធា.ក់ប្ល.ន់ម៉ូតូជនរងគ្រោះពេលកំពុងធ្វើដំណើរ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់នៅថ្ងៃទី១៥ ខែមិថុនានេះ បានឱ្យដឹងថា ករណីធាក់ប្លន់បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧៥និង៧៦ ស្ថិតនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

បើតាមរបាយការណ៍ដដែលនេះ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ៖ ១ឈ្មោះ ទួន ចាន់តុលា ភេទប្រុសអាយុ ១៤ឆ្នាំ រស់នៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២ ឈ្មោះ សាន មេសា ភេទប្រុសអាយុ១៤ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិឡគោសង្កាត់លេខ៥ ខណ្ឌឬស្សីកែវ។ ៣ ឈ្មោះគង់ សុវណ្ណា ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកបក្ខពួក២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់មានឈ្មោះ យស់ ចាន់ណា ភេទប្រុសអាយុ ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិឡគោ ខណ្ឌឫស្សីកែវ។ ឈ្មោះ ជីង ចាំង ភេទប្រុសអាយុ១៦ឆ្នាំ នៅភូមិគីឡូលេខ៧ ខណ្ឌឫស្សីកែវ រាជនីភ្នំពេញ។ រីឯជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ខាត់ លីហ្សៀន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ត្រូវបក្ខពួកជនសង្ស័យយកម៉ូតូទៅបាត់ម៉ាក សេ១២៥ ពណ៌ខ្មៅស៊េរី២០២៣។

របាយការណ៍ដដែលបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងពីភ្នំពេញ បំណងទៅផ្ទះនៅស្រុកឈូក ខេត្តកំពត។ ពេលមកដល់ចំនុចកើតហេតុក៏មានជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូចំនួន២គ្រឿងបានធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយ និងធាក់ទៅលើជនរងគ្រោះ។

ក្នុងរបាយការណ៍បន្ថែមថា ពេលធ្វើសកម្មភាព កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដែលកំពុងជិះម៉ូតូល្បាតតាមដងផ្លូវបានមកទាន់ ពេលនោះជនសង្ស័យក៏នាំគ្នាជិះម៉ូតូរបស់ខ្លួនត្រឡប់បកក្រោយវិញ ខណៈនោះកម្លាំងសមត្ថកិច្ចក៏ជិះម៉ូតូដេញតាមលុះមកដល់ផ្លូវលេខ២២ ស្ថិតក្នុងភូមិអង្គតាសោម ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ព្រមទាំងដកហូតវត្ថុតាងម៉ូតូសេ១២៥ ពណ៌ខ្មៅស៊េរី២០១៨ ឡើងតែម២០២២ ពាក់ស្លាកលេខ កំពង់ចាម1.V9914 ដែលជារបស់ឈ្មោះ ជីង ចាំង ដែលគេចខ្លួន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កំពុងកសាងសំណុំរឿង ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។ ចំណែកបក្ខពួកដែលកំពុងគេខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕