គ.ជ.ប ចាយជាង៥០លានដុល្លារ លើការបោះឆ្នោតថ្នាក់ជាតិលើកទី៧

ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានលើកឡើងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃ២៣ កក្កដាខាងមុខនេះ កម្ពុជាបានចំណាយថវិកាជាង៥០ដុល្លារ ។

បើតាមលោក ហង្ស ពុទ្ធាដដែល នៅក្នុងឱកាសចុះពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោត ជាង១៣លានសន្លឹកនៅព្រឹកថ្ងៃ១៥ មិថុនានេះ ក្រៅពីការចំណាយថវិកាសរុបជាង៥០លើការបោះឆ្នោតទាំងមូលហើយនោះ ក៏បានចាយជាង២លានដុល្លារក្នុងការបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹក ផងដែរ ។ សម្រាប់ទឹកខ្មៅជ្រលក់ដៃបញ្ជាទិញពីឥណ្ឌាវិញ គឺលោកថា ជាង៥ម៉ឺន២ពាន់ដប។

អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ចំពោះសន្លឹកឆ្នោតបោះពុម្ពចែកចេញជា២ប្រភេទ ដោយប្រភេទទី១ ជាប្រភេទសន្លឹកឆ្នោតដែលនឹងបញ្ជូនទៅការិយាល័យបោះឆ្នោតជាង២៣០០ការិយាល័យ និងប្រភេទទី២ សន្លឹកឆ្នោតជាង១លាន ២សែនសន្លឹក គឺតម្កល់ទុកនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ត្រៀមបម្រុងដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយដែលអាចនឹងកើតឡើង។

លោកបន្តថា សន្លឹកឆ្នោតបោះពុម្ពរួចរាល់បាន១១ខេត្តហើយ ក្រោយពីរោងពុម្ពបានចាត់តែង បោះពុម្ពកាលពីថ្ងៃ១ មិថុនា ហើយនឹងបញ្ចប់នៅថ្ងៃ១៥ កក្កដា ។

ជាមួយគ្នានេះ មន្ត្រីជំនាញរបស់គ.ជ.ប បានត្រៀមរៀបចំកម្លាំងដើម្បីទៅយាមការពារនៅកន្លែងទីតាំងបោះពុម្ពសន្លឹកឆ្នោតផងដែរ។ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ គំរូសន្លឹកឆ្នោតសម្រាប់បោះពុម្ពបានបញ្ជូនទៅដល់រោងពុម្ពហើយ៕

ការិយាល័យនិពន្ធ: 069 626 199/016 649 618