ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ បន្ដថែរក្សាសន្ដិភាព និងស្ថិរភាពនៅកម្ពុជាដែលជាលក្ខខណ្ឌចាំបាច់ ក្នុងការបន្ដអភិវឌ្ឍមូលធនមនុស្ស ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែងផងដែរ។
តាមរយៈសារលិខិតរបស់ រាជរដ្ឋាភិបាល ក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ នាថ្ងៃ១៥ មិថុនា សម្ដេចបញ្ជាក់ថា « ខ្ញុំ សូមយកឱកាសនេះ អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធ បន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជាដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍ មូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារ ដែលមានស្រាប់សំដៅបន្តលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង»។
សម្ដេច ហ៊ុន សែន ថា បន្តគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត។
សម្ដេចក៏បានណែនាំឲ្យជំរុញការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ផែនទីបរិវត្តកម្ម ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាឆ្នាំ២០២៣-២០២៧ និងផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍ ជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥។
សម្ដេច ហ៊ុន សែន បន្តជំរុញលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឲ្យមានចំណេះដឹង ជំនាញច្បាស់លាស់ និងភាពប្រកួតប្រជែងខ្ពស់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ជាពិសេសចូលរួមសហការ និងគាំទ្រកម្មវិធីរបស់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន ១លាន ៥សែននាក់៕