ក្រសួងបរិស្ថាន និងអង្គការ JICA ចុះហត្ថលេខា លើគម្រោងកិច្ចសហប្រតិបត្តិការ “គម្រោងពង្រឹងសមត្ថភាពលើការត្រួតពិនិត្យការបំពុលទឹក”

ភ្នំពេញ៖ ដោយពិនិត្យឃើញពីសារៈប្រយោជន៍នៃគម្រោងកិច្ចសហប្រតិបត្តិការ អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានចុះហត្ថលេខាសហការជាមួយក្រុមការងារបច្ចេកទេសរបស់អង្គការ JICA រៀបចំគម្រោងកិច្ចសហការជំហានទី២ ស្តីពី “ការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក” មានរយៈពេល៣ឆ្នាំ គ្រោងនឹងអនុវត្តចាប់ពីឆ្នាំ២០២៣នេះតទៅ។

ពិធីចុះហត្ថលេខាខាងលើនេះ ធ្វើឡើង ក្រោមអធិបតីភាពលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក SANUI Kazumasa តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។

ក្រសួងបរិស្ថានរំពឹងថា ការអនុវត្តគម្រោងនឹងទទួលបាននូវការធ្វើឱ្យប្រសើរឡើងនូវសុក្រឹត្យភាព និងភាពអាចជឿជាក់បាននៃការវិភាគគុណភាពទឹក ដោយមន្ទីរពិសោធន៍នៃក្រសួងបរិស្ថាន។ បង្កើតប្រព័ន្ធត្រួតពិនិត្យតាមដានគុណភាពទឹកលើដី និងសំណល់រាវនៅតាមតំបន់គោលដៅ។ ទទួលបានការពង្រឹងសមត្ថភាពក្នុងការរៀបចំបង្កើតផែនការគ្រប់គ្រងគុណភាពទឹក។ និងវិធានអនុវត្តត្រឹមត្រូវទាក់ទងទៅនឹងវិធីសាស្ត្រអនុវត្តអនុក្រឹត្យស្តីពី ការត្រួតពិនិត្យការបំពុលទឹក ត្រូវបានផ្សព្វផ្សាយទៅកាន់ភាគីពាក់ព័ន្ធរួមមាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន។

ក្រសួងបន្តថា រយៈពេលកន្លងមក អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានអនុវត្តគម្រោងស្តីពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលតាមរយៈការអភិវឌ្ឍសមត្ថភាពមន្ត្រីក្រសួងបរិស្ថានជំហានទី១ (រយៈពេល៣ឆ្នាំកន្លះ) ក្រោមជំនួយបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន ដែលគម្រោងនេះមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានលើការត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថានដោយផ្តោតលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) និងទឹក។

តាមរយៈនៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនេះ គឺគម្រោងនេះបានជួយពង្រឹងសមត្ថភាពជូនទៅដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃពាក់ព័ន្ធនឹងការងារត្រួតពិនិត្យ ទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថាន សំដៅការពារសុខភាពសាធារណៈ និងការអភិរក្សជីវៈចម្រុះ៕