ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពលរៀបចំ វេទិកាផ្សព្វផ្សាយប្រកាសស្តីពី “គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រេីប្រាស់ថាមពលពន្លឺព្រះអាទិត្យលេីដំបូលនៅកម្ពុជា”។ វេទិកានេះ មានការចូលរួមជាអធិបតី ពីលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិថាមពល លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា លោកស្រី Alissar Chaker ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជានិង តំណាងក្រសួងស្ថាប័នជាតិ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនមួយចំនួនទៀត។
ក្រសួងរ៉ែ ឱ្យដឹងថា”គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រេីប្រាស់ថាមពលពន្លឺព្រះអាទិត្យលេីដំបូលនៅកម្ពុជា”នេះ គឺជាកិច្ចសហការរៀបចំឡេីងដោយក្រសួងរ៉ែនិងថាមពល និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។ គោលការណ៍នេះ បានកំណត់ចក្ខុវិស័យក្នុងការលេីកកម្ពស់ការគ្រប់គ្រងការអនុញ្ញាតឱ្យប្រេីប្រាស់ថាមពលពន្លឺព្រះអាទិត្យលេីដំបូលនៅកម្ពុជា ឱ្យបានច្បាស់លាស់ មានប្រសិទ្ធភាព មានតម្លាភាព ស្មេីភាពគ្នា គណនេយ្យភាព និងសមធម៌។
បើតាមក្រសួងរ៉ែ តាមយៈគោលការណ៍នេះ យេីងនឹងផ្តល់ការអនុញ្ញាតដល់ការស្នេីសុំដំឡេីងថាមពលពន្លឺព្រះអាទិត្យលេីដំបូលរបស់អ្នកប្រេីប្រាស់អគ្គិសនីទាំងឡាយ ដែលមិនមានការប៉ះពាល់ដល់ការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ ហេីយអាចចែករំលែកទំហំនៃការអភិវឌ្ឍថាមពលពន្លឺព្រះអាទិតដែលបានកំណត់ក្នុងផែនការមេតាមប្រព័ន្ធកូតាឱ្យទៅអ្នកប្រេីប្រាស់អគ្គិសនីដែលមានបំណងបំពេញកាតព្វកិច្ចបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
បន្ថែមពីការគ្រប់គ្រង និងជួយសម្រួលដល់អ្នកប្រេីប្រាស់នោះ រាជរដ្ឋាភិបាលកម្ពុជា ក៏អាចបំពេញបន្ថែមការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូចមានចែងក្នុងរបាយការណ៍រួមចំណែករបស់ជាតិ ដេីម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុផងដែរ៕