ភ្នំពេញ៖ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយនឹងចាប់ផ្តើមពីថ្ងៃទី ១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ។ នេះបើតាម កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពលោក ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយ អំពីការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការតាមមណ្ឌលរាជធានី ខេត្ត ទាំង ២៥ សិទ្ធិទទួលបាននូវការការពារសុវត្ថិភាពរបស់បេក្ខជន និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនេះ លោក ឌុច សុន ថ្លែងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តត្រូវ ធ្វើឡើងតាមប្រព័ន្ធសមាមាត្រ ដោយយករាជធានី ខេត្តជាមណ្ឌលបោះឆ្នោត។ អាសនៈនៅក្នុងរដ្ឋសភា មានចំនួន ១២៥ (មួយរយម្ភៃប្រាំ) ដែលបែងចែកតាមមណ្ឌលរាជធានី ខេត្ត។ ហើយ លោក ក៏បានរំលឹកអំពីដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះដែលទើបតែបញ្ចប់ទៅ ដោយមានគណបក្សនយោបាយ ចំនួន ១៨ ត្រូវបាន ទទួលស្គាល់ជាផ្លូវការក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
លោកបន្តថា បន្ទាប់ពីបញ្ចប់ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ឬ/និងក្រោយពេលដែលបណ្តឹងតវ៉ាត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ គ.ជ.ប ត្រូវបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមមណ្ឌលបោះឆ្នោតរាជធានី ខេត្ត របស់គណបក្សនយោបាយទាំងនោះ ក្នុងរយៈពេលយ៉ាងតិច ៣០ (សាមសិប) ថ្ងៃមុនថ្ងៃបោះឆ្នោត ព្រមទាំងបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប។ តាមកាលបរិច្ឆេទ កំណត់របស់ គ.ជ.ប បញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវបិទផ្សាយជាសាធារណៈនៅតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្តទាំង ២៥ ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដោយត្រូវបិទផ្សាយនៅលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន ១ (មួយ) ច្បាប់ និងនៅទីប្រជុំជនធំៗមួយចំនួនក្នុងរាជធានី ខេត្តនីមួយៗ។
ពាក់ព័ន្ធនឹងសិទ្ធិទទួលបានការការពារសុវត្ថិភាពរបស់បេក្ខជន លោក ឌុច សុន បានថ្លែងថា បេក្ខជនគ្រប់រូប និងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ ទទួលបានសិទ្ធិស្មើគ្នាក្នុងការការពារសន្តិសុខ និងសុវត្ថិភាពនៅក្នុងសម័យបោះឆ្នោត ដូចមានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងផែនការអន្តរស្ថាប័នរវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប។ លោកបន្តថា ប្រសិនបើបេក្ខជនអាចផ្តល់ភស្តុតាង ឬមានមូលហេតុច្បាស់លាស់ ថា សន្តិសុខ និងសុវត្ថិភាពរបស់ខ្លួនត្រូវបាន និងកំពុងរងនូវការគំរាមកំហែងនោះ បេក្ខជនអាចប្តឹងទៅ គ.ជ.ប ជាបន្ទាន់ ដើម្បីឱ្យ គ.ជ.ប ធ្វើការប្រជុំការងារសន្តិសុខ ដើម្បីដោះស្រាយពាក្យបណ្តឹង ដោយបើកការស៊ើបអង្កេត ហើយទន្ទឹមគ្នានេះត្រូវចាត់វិធានការចាំបាច់គ្រប់រូបភាព ដើម្បីផ្តល់ សន្តិសុខ និងសុវត្ថិភាពជូនបេក្ខជន។ លោក បន្ថែមថា នៅពេលដែលការស៊ើបអង្កេតរកឃើញ ភស្តុតាងអំពីការគំរាមកំហែងសន្តិសុខ និងសុវត្ថិភាពដល់បេក្ខជនឈរឈ្មោះបោះឆ្នោត គ.ជ.ប ត្រូវដោះស្រាយតាមច្បាប់ និងនីតិវិធីនៃការបោះឆ្នោត។
ចំពោះការសុំចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ លោក ឌុច សុន បានបញ្ជាក់ជូនថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងមណ្ឌលរាជធានី ខេត្តណាមួយ មានសិទ្ធិចាត់តាំងភ្នាក់ងារពេញសិទ្ធិរបស់ខ្លួន ចំនួន ១ (មួយ) រូប និងភ្នាក់ងារបម្រុង ចំនួន ១ (មួយ) រូប ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗក្នុងឃុំ សង្កាត់ ក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។
លោក បន្តទៀតថា បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់-អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារគណបក្សនយោបាយដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅគ្រប់ដំណាក់កាល។
ចំពោះពាក្យសុំចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ លោកបន្ថែមថា ត្រូវបំពេញតាមទម្រង់បែបបទលេខ ១០០៧ ដែលត្រូវផ្ដល់ជូនដោយឥតគិតថ្លៃ ដោយ គ.ជ.ប។ គណបក្សនយោបាយអាចថតចម្លងពាក្យសុំទម្រង់បែបបទលេខ ១០០៧ ដើម្បី ប្រើប្រាស់ក្នុងការដាក់ពាក្យសុំចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ។ គណបក្សនយោបាយ ក៏អាចទាញយកទម្រង់បែបបទលេខ ១០០៧ ពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។ ពាក្យ- សុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាងគណបក្សនយោបាយ ដែលទទួលបានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ ហើយការផ្ទេរនេះមិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះមានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរបន្ត។
ជាមួយគ្នានេះ លោកសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយគោរពតាមច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប និងក្រមសីលធម៌ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រប្រព្រឹត្តទៅរលូន មានសន្តិសុខល្អគ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង៕