លោក ជិន ម៉ាលីន៖ ការរៀបចំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត មិនមែនដើម្បីធ្វើការគៀបសង្កត់ផ្នែកនយោបាយនោះទេ

ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ការរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតដែលស្នើឡើងដោយប្រមុខនៃរាជរដ្ឋាភិបាលនេះ មិនមែន ដើម្បីធ្វើការគៀបសង្កត់ ផ្នែកនយោបាយឬ ផ្តាច់ផ្លូវអ្នកនយោបាយណាមួយ ដូចការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលនោះទេ ។

លោក ជិន ម៉ាលីន ពន្យល់ប្រាប់អង្គភាពសារព័ត៌មាន Khmer CM នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតនេះ គឺដើម្បីផលប្រយោជន៍ជាតិជាធំ ជាពិសេស គឺពង្រឹងនៃការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងជោគវាសនារបស់ជាតិឱ្យកាន់តែខ្ពស់ជាងមុន ដោយតម្រូវ ឱ្យអ្នកដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ លុះត្រាអនុវត្តនូវករណីកិច្ចជាពលរដ្ឋល្អ ក្នុងការទៅបោះឆ្នោត។

ត្រង់ចំណុចនេះ អ្នកនាំពាក្យរូបនេះ បញ្ជាក់បន្ថែមថា ក្នុងន័យនេះ បើសិនជាបុគ្គលនោះមិនអនុវត្តនូវករណីកិច្ចរបស់ខ្លួន តាមរយៈទៅបោះឆ្នោត ដើម្បីកំណត់ជោគវាសនាអនាគតប្រទេសជាតិ តើមានភាពសាកសមជាអ្នកដឹកនាំដែរឬទេ។ លោកថ្លែងថា៖ “ច្បាប់នេះ បានកំណត់ថា បើសិន អ្នកនោះមិនបានអនុវត្តករណីកិច្ចរបស់ខ្លួនជាពលរដ្ឋល្អទៅបោះឆ្នោតទេ អ្ននោះមិនអាចឈរឈ្មោះ ឱ្យគេបោះឆ្នោតបានទេ”។

ឆ្លើយតបទៅនឹងការចោទប្រកាន់ថាការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតនេះ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះ លោក ជិន ម៉ាលីន ថា ការចោទប្រកាន់នេះ មិនត្រឹមត្រូវនោះទេ ពីព្រោះការរៀបចំច្បាប់នេះ ត្រូវបានកំណត់ទៅលើបុគ្គលណាដែលពាក់ព័ន្ធនឹងការឈរឈ្មោះ ឱ្យគេបោះឆ្នោតដើម្បីក្លាយទៅជាមេដឹកនាំប៉ុណ្ណោះ ខណៈសិទ្ធិពលរដ្ឋនៅដដែល ពោលគឺ ទៅបោះឆ្នោតក៏បាន មិនទៅក៏បាន។

បើតាម លោក ជិន ម៉ាលីន ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ គឺស្របទៅនឹង បណ្តាប្រទេសប្រជាធិបតេយ្យធំៗ ទាំងនៅក្នុងតំបន់ និងពិភពលោកផងដែរ។ ប្រទេសទាំងនោះ រួមមានសិង្ហបុរី អូស្ត្រាលី និងប្រទេសថៃជាដើម បានកំណត់ថា ការបោះឆ្នោតគឺជាករណីកិច្ច បើមិនទៅបោះឆ្នោតនឹងត្រូវមានទោសទណ្ឌជាដើម។ មួយវិញទៀត ក៏ផ្អែកទៅលើរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ។

ដោយឡែក ចំពោះការលើកឡើងថា ការរៀបចំធ្វើវិសោធនកម្មច្បាប់ត្រូវពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល លោក ជិន ម៉ាលីន បញ្ចាក់ថា ការលើកឡើងបែបនេះ ក៏រឹតតែមិនត្រឹមត្រូវទៅតាមគោលការណ៍ប្រជាធិបតេយ្យ និងច្បាប់ថែមទៀត។ ជាក់ស្តែងនៅតាមបណ្តាប្រទេសប្រជាធិបតេយ្យក៏បានរៀបចំពិគ្រោះយោបល់ ប្រទេសខ្លះទៀត ក៏មិនបានធ្វើដែរ បើគេយល់ឃើញថា វាមិនចាំបាច់។ ជាមួយគ្នានេះ តាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ក៏មិនបានតម្រូវ ឱ្យរដ្ឋាភិបាលធ្វើច្បាប់ ត្រូវទៅសួរយោបល់ពីអង្គការសង្គមស៊ីវិលនោះទេ សំខាន់ គឺការធ្វើច្បាប់នេះ ដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំ៕